YouTuber ម្នាក់ រាយការណ៍ពីចិញ្ចៀនសុខភាព Galaxy Ring របស់ខ្លួនខូចថ្ម បណ្តាឲ្យដោះមិនចេញរហូតរកជំនួយពីពេទ្យ
30-09-2025 14:54
(បរទេស)៖ ពេលឧបករណ៍ខូច វាអាចប៉ះពាល់យ៉ាងខ្លាំង។ លោក Daniel Rotar ដែលជាម្ចាស់ឆានែល YouTube ដែលមានឈ្មោះថា «ZONEofTECH» បានផ្សាយនៅលើបណ្តាញ X នាពេលថ្មីៗនេះថា ថ្មនៅលើចិញ្ចៀនសុខភាព Samsung Galaxy Ring របស់លោកបានចាប់ផ្តើមហើម (ខូចខាត) ខណៈពេលគាត់កំពុងពាក់វា។

គាត់បានសរសេរថា «ខ្ញុំមិនអាចដោះវាចេញបានទេ ហើយវាពិតជាធ្វើឲ្យម្រាមដៃឈឺខ្លាំងណាស់»។ ប៉ុន្មានម៉ោងបន្ទាប់ លោក Rotar បានបង្ហោះម្តងទៀតថា លោកបានទៅមន្ទីរពេទ្យ ហើយទទួលបានជំនួយក្នុងការដកចិញ្ចៀនឆ្លាតវៃនេះចេញ។ លោកក៏បានចែករំលែករូបថតនៃឧបករណ៍ដែលបង្ហាញពីការហើមថ្មនៃចិញ្ចៀនសុខភាពនោះ ដែលធ្វើឲ្យដោះមិនចេញ។ លោកបន្តថា យើងបានទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Samsung ដើម្បីសុំមតិ ហើយទទួលបានសេចក្តីថ្លែងការណ៍មួយពីអ្នកនាំពាក្យ។
អ្នកនាំពាក្យរបស់ Samsung បាននិយាយថា «សុវត្ថិភាពរបស់អតិថិជនគឺជារឿងចម្បងបំផុតសម្រាប់យើង ហើយយើងកំពុងទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកប្រើនេះ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហាដែលកើតឡើង។ ខណៈដែលបទពិសោធន៍ដូចនេះគឺបានកើតឡើងយ៉ាងកម្រ យើងមានវិធីជាច្រើនសម្រាប់ជួយដោះចិញ្ចៀននោះចេញដូចជា ការប្រើសាប៊ូនិងទឹក ឬដាក់ដៃចូលក្នុងទឹកត្រជាក់។ ប្រសិនបើវិធីទាំងនេះមិនដំណើរការទេ សូមចូលទៅកាន់ទំព័រ Samsung Support ដើម្បីទទួលបានព័ត៌មានបន្ថែម»។
បច្ចេកវិទ្យាបច្ចុប្បន្នមិនមែនល្អឥតខ្ចោះទេ ហើយថ្មនៃឧបករណ៍អាចបរាជ័យបាន។ នៅពេលវាបរាជ័យ ដោយប្រការណាមួយដូចជាកត្តាអាកាសធាតុ ឬកម្ដៅដែលកើតឡើងខាងក្នុងឧបករណ៍អាចបណ្តាលឲ្យថ្មហើយបាន។ បញ្ហានេះមិនមែនជារឿងចម្លែកទេ ប៉ុន្តែវាជារឿងដែលមានគេដឹងទៅហើយ។ ដូច្នេះនេះជាការរំលឹកម្តងទៀតថា ប្រសិនបើអ្នកមានឧបករណ៍ចាស់ៗដែលមិនប្រើ សូមពិចារណាទុកដាក់វាឱ្យបានត្រឹមត្រូវ ឬដោះវាទុក មុនពេលវាអាចឈានដល់ការហើមថ្មីបែបនេះ៕