Verizon ត្រៀម​ពង្រីក​សក្តានុពល 5G  កំពុង​ចរចា​ទិញ​រលកសញ្ញា AWS-3 ដ៏​មាន​ឥទ្ធិពល​របស់ EchoStar

01-10-2025 09:12

(បរទេស)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់សហរដ្ឋអាមេរិក Verizon Communications កំពុងស្ថិតក្នុងការចរចាជាមួយក្រុមហ៊ុន EchoStar ដើម្បីទិញយកនូវអាជ្ញាប័ណ្ណ wireless spectrum (រលកសញ្ញាឥតខ្សែ) មួយចំនួន ជាពិសេសគឺអាជ្ញាប័ណ្ណ AWS-3 ដែលត្រូវបានគេចាត់ទុកថា «មានតម្លៃសម្រាប់ការបញ្ជូនសញ្ញាឥតខ្សែ 5G»។ នេះបើយោងតាមការរាយការណ៍របស់ Bloomberg News ដែលត្រូវបានចេញផ្សាយបន្តដោយ CNA នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ប្រសិនបើការទិញនេះបានសម្រេច Verizon នឹងក្លាយជាអ្នកទិញទីបី បន្ទាប់ពីក្រុមហ៊ុន AT&T និង SpaceX ដែលបានទិញអាជ្ញាប័ណ្ណរលកសញ្ញារបស់ EchoStar រួចមកហើយ។

កាលពីដើមខែនេះ EchoStar បានប្រកាសថា ខ្លួនរំពឹងថានឹងមានសាច់ប្រាក់សុទ្ធ២៤,១ ពាន់លានដុល្លារ បន្ទាប់ពីការលក់រលកសញ្ញាដើម្បីសងបំណុល ដោយថ្លែងថា នឹង «ពង្រឹងបន្ថែមនូវតារាងតុល្យការរបស់ខ្លួន និងគាំទ្រកំណើនទូទាំងវិស័យឥតខ្សែ ផ្កាយរណប និងបច្ចេកវិទ្យា»។ ការលក់ទ្រព្យសម្បត្តិទាំងនេះបានកើតឡើងបន្ទាប់ពី គណៈកម្មការទំនាក់ទំនងសហព័ន្ធសហរដ្ឋអាមេរិក (FCC) បានលើកឡើងពីក្តីបារម្ភចំពោះការអនុវត្តតាមច្បាប់ប្រើប្រាស់ និងពង្រីកបណ្តាញរលកសញ្ញារបស់ក្រុមហ៊ុន។ នៅក្នុងឯកសារដាក់ជូននិយតករ EchoStar បានវាយតម្លៃរលកសញ្ញា AWS-3 របស់ខ្លួនក្នុង «ចំនួនទឹកប្រាក់ដែលកំពុងកាន់» (carrying amount) ចំនួន ៩.៨ ពាន់លានដុល្លារ។

គួរកត់សម្គាល់ផងដែរថា រលកសញ្ញាផ្នែកមួយផ្សេងទៀត ត្រូវបានកំណត់ថានឹងត្រូវដាក់ ដេញថ្លៃដោយរដ្ឋាភិបាលសហព័ន្ធនៅឆ្នាំក្រោយ៕