Mbappe ធ្វើបានហែតទ្រីក នៅពេល Real យកឈ្នះម្ចាស់ផ្ទះ Kairat ៥-០ ក្នុង Champions League
01-10-2025 09:41
(បរទេស)៖ ខ្សែប្រយុទ្ធ Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ ៥ទល់នឹង០ របស់ក្រុមអធិរាជស Real Madrid ទៅលើម្ចាស់ផ្ទះ Kairat Almaty ក្នុងប្រកួតទី២ នៅពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26 នារាត្រីថ្ងៃអង្គារ ទី៣០ ខែកញ្ញា។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិបារាំងរូបនេះ បានកំពុងធ្វើបានល្អជាមួយ Real ក្នុងរដូវកាលទី២ របស់លោកនៅទឹកដីអេស្ប៉ាញ និងរកបានគ្រាប់បាល់កើនដល់ ៦០គ្រាប់ផងដែរនៅ UCL។
៣គ្រាប់របស់ Mbappe គឺបានកើតឡើងជាប់ៗគ្នាតែម្តង ពោលគឺនៅនាទីទី២៥ ៥២ និងនាទី៧៣ ក្នុងប្រទេសកាហ្សាក់ស្ថាន នៅមុនពេលមិត្តរួមក្រុម Camavinga និង Brahim Diaz បានបន្ថែមម្នាក់ ១គ្រាប់ដូចគ្នានៅនាទីចុងម៉ោង នៅពីមុខអ្នកទស្សនាផ្ទាល់តែជាង ២ម៉ឺននាក់ប៉ុណ្ណោះ។
នេះក៏ជាជ័យជម្នះទី២ ផងដែរនៅ UCL សម្រាប់អតីតជើងឯក ១៥សម័យនៃរដូវកាលទី១ របស់លោក Xabi Alonso បន្ទាប់ពីយកឈ្នះ Marseille ២-១ ក្នុងដីនាថ្ងៃបើកឆាករដូវកាលថ្មី នៅពេលក្រុមលេខ២ របស់កាហ្សាក់ស្ថានចាញ់ច្រើនគ្រាប់ជាលើកទី២ ក្រោយបរាជ័យក្នុងផ្ទះ Sporting ៤-១។
តាមរយៈធ្វើបានហែតទ្រីកជាលើកដំបូង គិតចាប់តាំងពីខែឧសភាមក និងកើនបាន ៦០គ្រាប់នៅ UCL នេះដែរ Mbappe បានវ៉ាកំណត់ត្រាអតីតខ្សែប្រយុទ្ធ Thomas Muller របស់ Bayern Munich និងក្លាយជាកីឡាករទី៦ ដែលរកបានច្រើនគ្រាប់ ក្នុងកម្មវិធីកម្រិតកំពូលអឺរ៉ុបមួយនេះ៕