៩ប្រកួតនៅ UCL យប់មិញ ក្រុមខ្លាំងៗសុទ្ធតែធ្វើបានល្អ អភ័ព្វតែ Liverpool ក្នុងនាមក្រុមលេខ៣
01-10-2025 10:13
(បរទេស)៖ ក្រុមខ្លាំងៗសុទ្ធតែទទួលបានលទ្ធផលដូចការរំពឹងទុក ក្នុងចំណោម ៩ប្រកួតនៃប្រកួតទី២ នៃពានរង្វាន់អឺរ៉ុប UEFA Champions League 2025-26 យប់មិញ លើកលែងតែ Liverpool មួយប៉ុណ្ណោះ ដែលបានបរាជ័យ។

ក្រុមមកពីលីគអង់គ្លេស Premier League ហង្សក្រហម ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ នៃកម្មវិធី UCL តាមរយៈឈ្នះពាននេះបាន ៦ដងស្មើជាមួយ Bayern Munich តាមពីក្រោយ AC Milan និង Real Madrid នោះ បានលេងចាញ់ម្ចាស់ផ្ទះ Galatasaray ១ទល់នឹង០ ក្នុងវគ្គសន្សំពិន្ទុ League Phase ដែលមាន ៣៦ក្រុម។
ក្នុងប្រកួត ៩០នាទីពេញនៅប្រទេសតួកគីនោះដែរ ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ា Victor Osimhen អតីតខ្សែប្រយុទ្ធក្លឹប Napoli ជាអ្នករកបានតែ ១គ្រាប់សម្រាប់ម្ចាស់ផ្ទះ Galatasaray ដោយបាល់ប៉េណាល់ទីនៅនាទី១៦ ពីការធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Istanbul តែម្តង។
ខាងក្រោមនេះ ជាលទ្ធផលនៃគូប្រកួតផ្សេងទៀតយប់មិញ សម្រាប់ជើងទី១ នៃ UCL
Atalanta 2-1 Club Brugge
Kairat Almaty 0-5 Real Madrid
Atletico Madrid 5-1 Eintracht Frankfurt
Bodoe/Glimt 2-2 Tottenham Hotspur
Chelsea 1-0 Benfica
Inter Milan 3-0 Slavia Prague
Marseille 4-0 Ajax
Pafos FC 1-5 Bayern Munich៕