កីឡាករលេខ១ ពិភពលោក Alcaraz ឈ្នះជើងឯកនៅ Tokyo ប៉ុន្តែដកខ្លួនពីកម្មវិធី Shanghai

01-10-2025 11:08

(តូក្យូ)៖ កីឡាករតេន្នីស Carlos Alcaraz ដែលបានឡើងទៅឈរនៅចំណាត់ថ្នាក់លេខ១ ពិភពលោកកាលពីថ្ងៃទី២២ ខែកញ្ញា បានគ្រងជើងឯកពាន Japan Open 2025 មុនពេលប្រកាសដកខ្លួនចេញពីកម្មវិធី Shanghai Open របស់ចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញ។

ជើងខ្លាំងអេស្ប៉ាញរូបនេះ បានឈ្នះពានទី៨ ហើយក្នុងកម្រិត ATP នៅក្នុងឆ្នាំនេះដែលត្រូវបានរៀបចំឡើង នៅទីក្រុង Tokyo ប្រទេសជប៉ុន។

ក្នុងជំនួបផ្តាច់ព្រ័ត្រនោះដែរ Alcaraz បានផ្តួលកីឡាករអាមេរិក Taylor Fritz ដោយលទ្ធផល ៦-៤ និង ៦-៤ នៅមុនពេលប្រកាសមិនចូលរួមកម្មវិធី Shanghai Open តាមរយៈការជូនដំណឹងនៅលើបណ្តាញសង្គម Instagram និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «វាជាការសម្រេចចិត្តដ៏ល្អបំផុតមួយ ដើម្បីយកពេលសម្រាក និងព្យាបាលរបួសឡើងវិញ»

លោកថា «សំណាងមិនល្អ ខ្ញុំមានបញ្ហារបួសតិចតួច និងក្រោយពេលពិគ្រោះជាមួយក្រុមគ្រូពេទ្យរួចមក ពួកយើងជឿជាក់ថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានពេលពង្រឹងកាយសម្បទាឡើងវិញទៀតផង»។

គួរជម្រាបផងថា Alcaraz មានបញ្ហារបួសកជើង នៅអំឡុងប្រកួតបើកឆាកជុំទី១ នៅឯកម្មវិធី Japan Open 2025 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក៏ប៉ុន្តែពុំបានបង្ហាញសញ្ញាធ្ងន់ធ្ងរណាមួយឡើយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រទល់នឹង Fritz៕