កម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុ ចេន ហ្ស៊ី និងក្រសួងបរិស្ថាន ចូលរួមសហការជាដៃគូ ដើម្បីជំរុញរកដំណោះស្រាយអាកាសធាតុ សម្រាប់យុវជននៅកម្ពុជា
01-10-2025 12:36
(ភ្នំពេញ)៖ កម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុ ចេន ហ្ស៊ី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងបរិស្ថាន ដែលបង្ហាញពីការគាំទ្រថ្មីមួយ ស្តីពីកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ របស់ប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិនេះ ជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា ចេន ហ្ស៊ី ដែលនឹងផ្តល់ឱកាសដល់យុវជនកម្ពុជា បង្កើតដំណោះស្រាយអាកាសធាតុ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សហគមន៍យ៉ាងមានប្រសិទ្ធភាព។

ក្រោមការប្តេជ្ញាចិត្តរបស់ អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្តល់អោយយុវជន និងការអភិវឌ្ឍប្រកបដោយចីរភាព លោកបានបង្កើតកម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុ ចេន ហ្ស៊ី ដើម្បីជំរុញយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកបង្កើត និងផ្លាស់ប្តូរ ដើម្បីរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងបញ្ហាបំរែបំរួលអាកាសធាតុ។ លើសពីនេះទៀត កម្មវិធីនេះគឺជាវេទិកាមួយ ដែលរួមបញ្ចូលការអប់រំ ការច្នៃប្រឌិត និងផលប៉ះពាល់ពិតប្រាកដក្នុងជីវិតប្រចាំថ្ងៃ ដែលមានគោលបំណងបណ្តុះបណ្តាលគំនិតធំៗឲ្យក្លាយជាវិធីសាស្រ្តអនុវត្តបាន ដើម្បីជួយឲ្យកម្ពុជាផ្លាស់ប្តូរទៅជាប្រទេសបៃតង និងធន់ធ្ងន់ជាមួយបញ្ហាអាកាសធាតុ។
ដោយសារតែការប្តេជ្ញាចិត្តរបស់គាត់ ចំពោះការផ្តល់អោយយុវជន និងការអភិវឌ្ឍប្រកបដោយចីរភាព អ្នកឧកញ៉ា ចេន ហ្ស៊ី បានគាំទ្រដល់ការអប់រំ សហគ្រាសសង្គម និងគម្រោងបរិស្ថានផ្សេងៗ ដែលផ្តល់ឱកាសឲ្យយុវជនបានបញ្ចេញភាពជាអ្នកដឹកនាំ។ កម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុនេះ ជាការប្រតិបត្តិជាក់ស្តែងនៃចក្ខុវិស័យរបស់លោក ដោយបម្លែងការច្នៃប្រឌិតរបស់យុវជនឲ្យក្លាយជាដំណោះស្រាយពិតប្រាកដ ដែលមានភាពរឹងមាំក្នុងការរួមចំណែកសម្រាប់អនាគតអាកាសធាតុនៃប្រទេសកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ ជាមូលដ្ឋានគ្រឹះឆ្ពោះទៅកាន់កិច្ចសហការកាន់តែស៊ីជម្រៅ ដើម្បីជួយគាំទ្រយុវជនជំនាន់ក្រោយដែលមានភាពច្នៃប្រឌិតទាក់ទងនឹងអាកាសធាតុ។ តាមរយៈកិច្ចសហការដែលមានការគាំទ្រពីក្រសួងបរិស្ថាន កម្មវិធីនេះនឹងផ្តល់នូវការណែនាំជាយុទ្ធសាស្ត្រ និងផ្សារភ្ជាប់ទំនាក់ទំនងទាំងក្នុងប្រទេស និងតំបន់នានា ដើម្បីបង្កើនការចូលរួមរបស់យុវជនក្នុងសកម្មភាពបរិស្ថាន។
បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្វាគមន៍កិច្ចសហការនេះ ដោយមានប្រសាសន៍ថា៖ « យើងមើលឃើញថាកិច្ចសហការនេះ ជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតប្រទេសកម្ពុជា។ កម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុ ចេន ហ្ស៊ី នឹងជួយបង្ហាញនូវភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់យុវជន ហើយផ្តល់ឱកាសឲ្យពួកគេអនុវត្តផែនការសកម្មភាពអាកាសធាតុនៅក្នុងសហគមន៍របស់ខ្លួន។ យើងសូមកោតសរសើរចំពោះអ្នកឧកញ៉ា ចេន ហ្ស៊ី សម្រាប់ការចូលរួមគាំទ្រយុទ្ធសាស្ត្រប្រកបដោយចរីភាពរបស់ក្រសួងបរិស្ថាន»។
កម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុ ចេន ហ្ស៊ី នេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តយុវជនឱ្យមានការឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេស ការណែនាំពីអ្នកជំនាញ និង ផ្តល់ថវិកាសម្រាប់ក្រុមដែលអភិវឌ្ឍលើដំណោះស្រាយក្នុងបួនវិស័យសំខាន់ៗ រួមមាន៖ ថាមពលកកើតឡើងវិញ (Renewable Energy) ដំណោះស្រាយផ្អែកលើធម្មជាតិ (Nature-Based Solutions) សេដ្ឋកិច្ចវិលជុំ (Circular Economy) កសិកម្មនិរន្តរភាព និង សន្តិសុខស្បៀង (Sustainable Agriculture and Food Security)។
សម្រាប់វគ្គបណ្ដុះបណ្ដាល កម្មវិធីប្រកួតប្រជែងនេះ ទទួលបានការគាំទ្រនិងដឹកនាំពីអ្នកជំនាញឈានមុខគេនៅក្នុងវិស័យបរិស្ថានប្រកបដោយចីរភាព។ មគ្គទេសក៍របស់កម្មវិធីរួមមាន លោក ជា លាងស្រ៊ុន និង លោក ហ៊ីន លីហួរ មកពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន (CE SAIN) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម កញ្ញា ហ៊ុល ហ៊ុនសុភារី សហស្ថាបនិកនៃរុយរាជ (Ruy Reach) និង លោក Jun Fujihira មន្រ្តីកម្មវិធីនៃអង្គការ UN-Habitat។ មគ្គទេសក៍ទាំងអស់នឹងចូលរួមជាមួយនឹងអ្នកជំនាញដែលមានបទពិសោធន៍ផ្សេងៗទៀត ដើម្បីផ្តល់ការណែនាំដល់ក្រុមដែលចូលរួមក្នុងការប្រែក្លាយគំនិតនៅដំណាក់កាលដំបូងអោយក្លាយទៅជាគម្រោងដែលអាចអនុវត្តបាន។
ការផ្តោតសំខាន់របស់កម្មវិធី គឺស្របតាមយុទ្ធសាស្ត្រផែនការសកម្មភាពបរិស្ថានរបស់កម្ពុជា ហើយឆ្លុះបញ្ចាំងពីភាពរហ័ស ក្នុងការអភិវឌ្ឍដំណោះស្រាយឆ្លើយតបទៅនឹងហានិភ័យអាកាសធាតុ ជាពិសេសនៅក្នុងសហគមន៍ជនបទដែលងាយរងគ្រោះ។
ស្របតាមការគាំទ្រភាពច្នៃប្រឌិត និងការពង្រឹងភាពជាដៃគូសហការ កម្មវិធីនេះបានរួមចំណែកដោយផ្ទាល់ចំពោះការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការកសាងបរិស្ថានស្អាត ភាពបៃតង និងចីរភាពនាពេលអនាគត។ កម្មវិធីនេះក៏ស្របតាមគ្រោងការណ៍សកល ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ របស់អង្គការសហប្រជាជាតិ គឺ សកម្មភាពអាកាសធាតុ (Climate Action )។
តាមរយៈកិច្ចព្រមព្រៀងនេះ ការផ្សព្វផ្សាយនឹងពង្រីកទៅកាន់សាកលវិទ្យាល័យ សាលាបច្ចេកទេស និងបណ្តាញយុវជននៅទូទាំងប្រទេស ដើម្បីធានាបាននូវការចូលរួមក្នុងកម្មវិធីបានយ៉ាងទូលំទូលាយ។
សូមបញ្ជាក់ផងដែរថា សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកាលបរិច្ឆេទដាក់ពាក្យ លក្ខខណ្ឌចូលរួម និងដំណាក់កាលសំខាន់ៗ របស់កម្មវិធីនឹងចេញផ្សាយតាមរយៈទំព័រ Facebook: Chen Zhi Climate Action Challenge នៃកម្មវិធីប្រកួតប្រជែងសកម្មភាពអាកាសធាតុ ចេន ហ្ស៊ី៕