មន្ដ្រីសហព័ន្ធចាត់ទុកវគ្គបណ្ដុះបណ្ដាលគ្រូកម្រិត១ ជាឱកាសពង្រឹងធនធានមនុស្ស និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងកម្ពុជា

01-10-2025 14:38

(ភ្នំពេញ)៖ លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ចាត់ទុកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកអន្ដរជាតិកម្រិត១ ជាឱកាសពង្រឹងសមត្ថភាព និងចំណេះដឹងធនធានមនុស្ស ហើយក៏ជាឱកាសឈានទៅពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងនៅកម្ពុជាផងដែរ។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីសហព័ន្ធ ទទួលបានការឧបត្ថម្ភពីអង្គការសាមគ្គីអូឡាំពិក ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រៀបចំវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែតុលា ឆ្នាំ២០២៥ ដោយមានសិក្ខាកាម ២៥រូបចូលរួម ក្នុងនោះក៏មានសិក្ខាកាមជាគ្រូបង្វឹកមកពីវៀតណាម ដែលជាដៃគូអភិវឌ្ឍន៍របស់ខ្លួនចូលរួមរៀនវគ្គនេះចំនួន ៥នាក់ផងដែរ។

លោកថា វគ្គនេះ មានគ្រូឧទ្ទេស ដែលជំនាញការមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងពិភពលោកចូលរួមបង្ហាត់បង្រៀន និងចែករំលែកនូវចំណេះដឹងដោយផ្ទាល់ រួមមានបុរសជនជាតិហ្វីលីពីន លោក Lozada Antony និងគ្រូឧទ្ទេសជនជាតិវៀតណាម លោកស្រី Pham Thuy Vi ។ នេះជាឱកាសដ៏ល្អ សម្រាប់គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធ ក្នុងការសិក្សារៀនសូត្រ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពខ្លួន ស្របតាមនិយាមអន្ដរជាតិ។

អគ្គលេខាធិការដដែល សង្ឃឹមថា «ក្រោយបញ្ចប់វគ្គនេះ ប្រាកដណាស់ សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះជំនាញថ្មីៗ សម្រាប់ធ្វើជាទុន ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង»

យ៉ាងណាមិញ ដើម្បីធានាបាននូវចំណេះដឹងកម្រិតខ្ពស់ សម្រាប់គ្រូបង្វឹក និងមន្ដ្រីបច្ចេកទេស សហព័ន្ធក៏មានផែនការជ្រើសរើសគ្រូបង្វឹក និងមន្ដ្រី ដែលឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនេះ ទៅបន្ដការសិក្សាបច្ចេកទេសបន្ថែមនៅក្រៅប្រទេស ទាំងគ្រូបង្វឹក និងគណៈកម្មការ ស្របតាមគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្ដរជាតិ សម្រាប់ត្រៀមទទួលធ្វើម្ចាស់ផ្ទះការប្រកួតកម្រិតអន្ដរជាតិនានាផងដែរ៕