Meta ប្រកាសទិញយកក្រុមហ៊ុន Rivos ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីពន្លឿនការផលិតបន្ទះឈីប AI ផ្ទាល់ខ្លួន

01-10-2025 16:09

(បរទេស)៖ ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានប្រកាសពីគម្រោងទិញយកក្រុមហ៊ុនបច្ចេកវិទ្យាឈីបថ្មីថ្មោងមួយឈ្មោះថា Rivos ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងផលិត បន្ទះឈីបពាក់កណ្តាលសម្រេច (Semiconductor) ផ្ទាល់ខ្លួនរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

Rivos ដែលមានមូលដ្ឋាននៅរដ្ឋ California និងត្រូវបានគាំទ្រដោយនាយកប្រតិបត្តិក្រុមហ៊ុន Intel បានផ្តោតលើការរចនាបន្ទះឈីបដោយប្រើស្ថាបត្យកម្ម RISC-V ដែលជាជម្រើស ប្រភពបើកចំហ (open-source) ជំនួសឱ្យស្ថាបត្យកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបធំៗដូចជា Arm, Intel និង AMD។

ការទិញយកនេះកើតឡើងស្របពេលដែល Meta កំពុងព្យាយាមកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលពីមុនក្រុមហ៊ុនបានចំណាយយ៉ាងច្រើនលើបន្ទះឈីប AI ដ៏ថ្លៃរបស់ក្រុមហ៊ុន Nvidia។ ប្រភពបានបញ្ជាក់ថា Rivos ធ្លាប់ជិតទទួលបានមូលនិធិថ្មីជាមួយនឹងការវាយតម្លៃក្រុមហ៊ុនប្រហែល ២ ពាន់លានដុល្លារ ហើយ Meta ក៏ជាអតិថិជនដ៏ធំមួយរបស់ Rivos ផងដែរ។

លោក Yee Jiun Song អនុប្រធានផ្នែកវិស្វកម្មរបស់ Meta បានលើកឡើងថា Rivos នឹងនាំមកនូវជំនាញក្នុងការកសាង «ប្រព័ន្ធ AI ពេញលេញ» និងជួយពង្រីកការងារលើឧបករណ៍ពន្លឿនបន្ទះឈីបផ្ទាល់ខ្លួនរបស់ Meta ដែលមានឈ្មោះថា MTIA (Meta Training and Inference Accelerator)។ ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យ Meta បានបញ្ជាក់បន្ថែមថា៖ «ការងារផលិតស៊ីលីកូនផ្ទាល់ខ្លួនរបស់យើងកំពុងដំណើរការយ៉ាងឆាប់រហ័ស ហើយការទិញយកនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងបន្ថែមទៀត»

គួររំលឹកផងដែរថា កាលពីខែឧសភា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រធ្លាប់បានរាយការណ៍ថា Meta កំពុងធ្វើតេស្តលើបន្ទះឈីបបន្ទះផ្ទាល់ខ្លួនរបស់ខ្លួនដើម្បីបណ្តុះបណ្តាលប្រព័ន្ធ AI ជាលើកដំបូងផងដែរ៕