Alisson មានរបួស និងអវត្តមានពេល Liverpool ប៉ះ Chelsea ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ
01-10-2025 17:10
(បរទេស)៖ កីឡាករចាំទីដៃទី១ Alisson Becker របស់ Liverpool បានជួបបញ្ហារបួស និងខកខានប្រកួតពេលហង្សក្រហម ប៉ះតោខៀវ Chelsea នៅ Premier League នាចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករប្រេស៊ីល វ័យ ៣២ឆ្នាំរូបនេះត្រូវបានប្តូរចេញ និងជំនួសមកវិញដោយអ្នកចាំទី Giorgi Mamardashvili នៅនាទី៥៦ នៃការប្រកួតនៅពាន UEFA Champions League ពេលក្រុមជើងឯកអង់គ្លេសមួយនេះ បរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើងរបស់ម្ចាស់ផ្ទះ Galatasaray នៅទីក្រុង Istanbul នារាត្រីថ្ងៃអង្គារ។
ក្នុងប្រកួតនោះដែរ Alisson បានព្យាយាមសង្រ្គោះបាល់ដែលស៊ុតដោយខ្សែប្រយុទ្ធ Victor Osimhen ដែលនាំឱ្យមានរបួសដែលត្រូវបានលើកគ្រាដោយខ្សែប្រយុទ្ធ Hugo Ekitike ទៀតផង។
លោក Arne Slot អ្នកចាត់ការទូទៅ Liverpool បានថ្លែងថា Alisson មានអារម្មណ៍ឈឺចាប់ បន្ទាប់ពីត្រូវបានប្តូរចេញរួចមក និងអាចអវត្តមានប្រកួតបន្ទាប់។
នេះមានន័យថា Alisson អាចនឹងខកខានជួយ Liverpool ប្រកួតទល់នឹងម្ចាស់ផ្ទះតោខៀវ Chelsea នៅ Stamford Bridge នាម៉ោង ១១៖៣០យប់ថ្ងៃសៅរ៍ ដ្បិតរដូវកាលមុន រូបគេក៏បានខកខាន ១០ប្រកួតក្នុងលីគផងដែរ ជាមួយនឹងបញ្ហារបួសសរសៃពួរ៕