Ramos ថា PSG ចង់ឈ្នះគ្រប់យ៉ាងទៀត ក្រោយវាយបកឈ្នះ Barcelona ចុងម៉ោងនៅ UCL
02-10-2025 09:36
(បាសេឡូណា)៖ ខ្សែបម្រើ Goncalo Ramos បានថ្លែងថា «Paris Saint Germain ចង់ឈ្នះគ្រប់យ៉ាងម្តងទៀត» បន្ទាប់ពីរួមចំណែកជួយក្រុមរបស់បារាំងមួយនេះ វាយបកឈ្នះម្ចាស់ផ្ទះ FC Barcelona ២ទល់នឹង១ យប់មិញក្នុង UEFA Champions League 2025-26។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

លោកថា «ខ្ញុំគិតថា ពួកយើងស័ក្តិសមក្នុងការទទួលបាន ៣ពិន្ទុនេះ ក៏ព្រោះពួកយើងលេងបានល្អជាងពួកគេ។ លេងប្រកបដោយទំនុកចិត្ត។ ពួកយើងចង់ឈ្នះគ្រប់ពានទាំងអស់ម្តងទៀត។ វាមិនទាន់គ្រប់គ្រាន់ទេសម្រាប់រដូវកាលមុន។ ពួកយើងចង់ឈ្នះឱ្យបានច្រើនជាងនេះទៀត»។
នេះក៏ជាជ័យជម្នះលើកទី២ ជាប់ៗគ្នាផងដែរសម្រាប់ក្រុមការពារតំណែងជើងឯក PSG នៃវគ្គសន្សំពិន្ទុ League Phase ដែលមាន ៣៦ក្រុមសរុប។
ក្នុងជំនួបនៅទឹកដីអេស្ប៉ាញនាយប់មិញនេះដែរ Barcelona អតីតជើងឯកពានអឺរ៉ុប UCL ៥សម័យកាលផងនោះ បានបើកការនាំមុខ ១គ្រាប់មុន ពីការធ្វើបានសម្រេចដោយកីឡាករ Ferran Torres ពីការជ្រោមជ្រែងរបស់សមាជិកថ្មី Marcus Rashford ចេញពីតំបន់ស្លាបឆ្វេង នៅមុនពេល Nuno Mendes បានបញ្ជូនបាល់ឱ្យ Senny Mayulu បញ្ចប់ទីបានសម្រេចនៅមុនពេលបញ្ចប់វគ្គទី១។
ការប្រកួតទាំងស្រុងបានអូសបន្លាយដល់នាទី៩០ ទើបកីឡាករ Ramos ដែលបានចូលលេងជំនួស Fabian Ruiz នៅនាទី៧២ ធ្វើបានគ្រាប់ជ័យជម្នះ ២-១ នៅពេលទទួលបាល់ពី Achraf Hakimi៕