ដំណឹងល្អ! អ៉ីស្រាអែល មិនស្ថិតក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សា FIFA នាថ្ងៃព្រហស្បតិ៍នេះទេ
02-10-2025 10:39
(ហ្សូរិច)៖ វត្តមានរបស់ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីស្រាអែល មិនត្រូវបានដាក់បញ្ចូលទៅក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សារបស់ FIFA ដែលនឹងធ្វើឡើងនៅទីស្នាក់ការកណ្តាលនាទីក្រុង Zurich ប្រទេសស្វីសថ្ងៃនេះឡើយ។

បើទោះបីជាមិនស្ថិតក្នុងរៀបវារៈនេះក៏ដោយ ក៏អ៉ីស្រាអែល នឹងស្ថិតក្រោមការជជែកដេញដោលនាពេលក្រោយទៀតដែរ។
មុនកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំរបស់ FIFA ត្រូវបានស្នើឱ្យដាក់សម្ពាធទៅលើអ៉ីស្រាអែល ក្រោយការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ UN បានរកឃើញកាលពីខែមុនថា អ៉ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនប៉ាឡេស្ទីន នៅតំបន់ Gaza។
តាមកម្មវិធីរបស់ FIFA ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីស្រាអែល នឹងត្រូវប៉ះន័រវេស និងអាសូរីអ៉ីតាលី ដើម្បីប្រកួតប្រជែងកៅអីឆ្ពោះទៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នាឆ្នាំក្រោយនេះ។
ក្រុមជម្រើសជាតិស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ បានកំពុងចូលរួមលេងជម្រុះប្រចាំតំបន់អឺរ៉ុប UEFA បច្ចុប្បន្ន នៃកម្មវិធីជម្រុះ World Cup 2026 ផ្នែកបុរស ស្របពេលក្លឹបអាជីព Maccabi Tel Aviv របស់ពួកគេ កំពុងមានវត្តមានក្នុងព្រឹត្តិការណ៍ពានលំដាប់ទី២ អឺរ៉ុប UEFA Europa League រដូវកាលនេះដែរ៕