ធនាគារ «ខេប៊ីប្រាសាក់» ឧបត្ថម្ភកម្មវិធីវិថីហិរញ្ញវត្ថុរដូវកាលទី៣ ដើម្បីជំរុញការយល់ដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា
02-10-2025 10:54
(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការឧបត្ថម្ភកម្មវិធី វិថី ហិរញ្ញវត្ថុរដូវកាលទី៣ ដែលជា យុទ្ធនាការអប់រំចំណេះដឹង ផ្នែកហិរញ្ញវត្ថុ ដ៏សំខាន់មួយនៅប្រទេសកម្ពុជា។ ពិធី សម្ពោធជាផ្លូវការនៃកម្មវិធីនេះត្រូវបាន ធ្វើឡើងនាពេលថ្មីៗនេះ ក្រោមអធិបតីភាព របស់លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា តំណាងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ដំណើរការដំបូងក្នុងឆ្នាំ២០២៣ ដោយមានការគាំទ្រពីធនាគារជាតិនៃ កម្ពុជា «វិថីហិរញ្ញវត្ថុ» ជាកម្មវិធីអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុថ្នាក់ជាតិ ដែល ត្រូវបានបង្កើតឡើង ដោយសមាគមធនាគារនៅកម្ពុជា (ABC), សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC), និង ក្រុមហ៊ុន អប្សរាមេឌា សឺវីស (AMS)។
យុទ្ធនាការនៃកម្មវិធីនេះ ប្រើប្រាស់កិច្ច ពិភាក្សាវីដេអូខ្លីៗ ព្រឹត្តិការណ៍សាធារណៈ និងការផ្សព្វផ្សាយទូលំទូលាយ តាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងឌីជីថល ដើម្បីធ្វើឱ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុ កាន់តែងាយស្រួលដល់មនុស្ស គ្រប់រូប។ កម្មវិធីនេះផ្តោតសំខាន់ គឺទៅលើជំនាញជាក់ស្តែងដូចជា ការសន្សំ ការគ្រប់គ្រងនិង រៀបចំផែនការថវិកាការខ្ចីប្រាក់ដោយឆ្លាតវៃ និងការគ្រប់គ្រងបំណុល ក្នុងគោលបំណងជួយដល់ យុវជនម្ចាស់អាជីវកម្ម និងក្រុមគ្រួសារ ឱ្យ ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ប្រកបដោយការយល់ដឹង និងកសាងអនាគតដ៏រឹងមាំ។
ក្រៅពីឧបត្ថម្ភកម្មវិធី ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការផលិតកម្មវិធីនេះ ដោយតំណាងរបស់ ធនាគារ បានចូលរួមក្នុងកិច្ចពិភាក្សា និង ផ្តល់បទសម្ភាសន៍ ដល់ប្រព័ន្ធផ្សព្វផ្សាយ អំពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ។
លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល របស់ ធនាគារ ខេប៊ី ប្រាសាក់ មានប្រសាសន៍ថា «ក្នុងនាមជាធនាគារ ពាណិជ្ជ ឈានមុខគេមួយនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយស ដែល បានចូលរួមគាំទ្រកម្មវិធី វិថី ហិរញ្ញវត្ថុ រដូវកាលទី៣។ យើងជឿជាក់យ៉ាងមុតមាំថាការលើកកម្ពស់ ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ គឺពិតជាមានសាៈសំខាន់ សម្រាប់ការកសាងអនាគតហិរញ្ញវត្ថុ ដ៏រឹងមាំ និងនិរន្តរភាព សម្រាប់ប្រជាជន កម្ពុជាទាំងអស់។ ការប្តេជ្ញាចិត្តរបស់យើងលើសពីវិស័យធនាគារនោះគឺយើងជួយដល់ការរីកចម្រើនរបស់អតិថិជន គាំទ្រអាជីវកម្ម និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ»។
ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន១៨៧ ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន ៨០% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។
តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងមានភាពធន់ផ្នែកហិរញ្ញវត្ថុ៕