Apple, Google និង Meta ជាប់បណ្តឹងពីបទសមគំនិតផ្សព្វផ្សាយ App កាស៊ីណូ ខុសច្បាប់
02-10-2025 10:57
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងបីរបស់ពិភពលោកគឺ Apple, Google និង Meta Platforms កំពុងប្រឈមមុខនឹងបណ្តឹងរាប់សិបករណីពីបទចោទប្រកាន់ថា ពួកគេបានផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់តាមរយៈ កម្មវិធីល្បែងស៊ីសងកាស៊ីណូ (Casino-Style Apps) ដែលបណ្តាលឱ្យអ្នកប្រើប្រាស់ធ្លាក់ក្នុងការញៀន និងខាតបង់ប្រាក់យ៉ាងច្រើន។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

នៅថ្ងៃអង្គារកន្លងទៅនេះ លោក Edward Davila ចៅក្រមសាលាដំបូងស្រុកសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា បានចេញសេចក្តីសម្រេចបដិសេធសំណើរបស់ក្រុមហ៊ុនទាំងបីដែលបានស្នើសុំឱ្យទម្លាក់ចោលបណ្តឹងទាំងនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះបានលើកឡើងពី ច្បាប់ការពារផ្នែក ២៣០ (Section 230) ដែលការពារវេទិកាអនឡាញពីការទទួលខុសត្រូវចំពោះខ្លឹមសារដែលបង្ហោះដោយភាគីទីបី។ ប៉ុន្តែលោកចៅក្រម Davila បានសម្រេចថា ក្រុមហ៊ុនទាំងនេះមិនអាចប្រើប្រាស់ច្បាប់ការពារនេះបានទេ ដោយសារពួកគេបានចូលរួមផ្ទាល់ក្នុងការ ដំណើរការ និងប្រមូលកម្រៃលើការទូទាត់ប្រាក់ សម្រាប់កម្មវិធីល្បែងស៊ីសងទាំងនោះ។
ទាក់ទិននឹងករណីនេះ ដើមបណ្តឹងជាច្រើននាក់បានចោទប្រកាន់ថា App Store របស់ Apple, Play Store របស់ Google និង Facebook របស់ Meta បានសមគំនិតគ្នាផ្សព្វផ្សាយកម្មវិធីម៉ាស៊ីនស្លុត Vegas ដែលជាល្បែងស៊ីសងខុសច្បាប់។ ពួកគេអះអាងថា ក្រុមហ៊ុនទាំងបីបានកេងប្រវ័ញ្ចអ្នកប្រើប្រាស់ ដោយប្រមូល កម្រៃជើងសារ ៣០% លើប្រតិបត្តិការនានា ដែលប៉ាន់ស្មានថាមានចំនួនសរុប ជាង ២ ពាន់លានដុល្លារ។
នៅក្នុងសេចក្តីសម្រេចរបស់លោក លោក Davila បានពន្យល់យ៉ាងច្បាស់ពីមូលហេតុដែលច្បាប់ Section 230 មិនអាចជួយក្រុមហ៊ុនទាំងនេះបាននោះទេ ដោយឡើកឡើងថា៖ «ចំណុចសំខាន់នៃទ្រឹស្តីរបស់ដើមបណ្តឹងគឺថា ជនជាប់ចោទបានដំណើរការការទូទាត់ប្រាក់សម្រាប់កម្មវិធីកាស៊ីណូ (social casino apps) ដោយមិនត្រឹមត្រូវ»។ លោកបន្ថែមទៀតថា៖ «វាមិនពាក់ព័ន្ធទេថាតើសកម្មភាពនោះប្រែក្លាយជនជាប់ចោទទៅជាអ្នកទទួលភ្នាល់ (bookies) ឬជាឈ្មួញកណ្តាល (brokers)»។
គួរបញ្ជាក់ បណ្តឹងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០២១ មកម្លេះ ហើយកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងនេះ។ តែយ៉ាងណា ក្រុមហ៊ុន Google, Apple និង Meta មិនទាន់បានធ្វើអត្ថាធិប្បាយភ្លាមៗលើសេចក្តីសម្រេចរបស់តុលាការនេះនៅឡើយទេ៕