បេក្ខភាព ជួប ចក្រាវុឌ្ឍ ក្លាយជាម្ចាស់ជយលាភី «Mister Grand Cambodia 2025» តំណាងកម្ពុជា ទៅចូលរួមប្រកួតនៅប្រទេសហ្វីលីពីន

02-10-2025 13:02

(ភ្នំពេញ)៖ លោក ជួប ចក្រាវុឌ្ឍ បានក្លាយជាបេក្ខភាពជាប់ជយលាភី «Mister Grand Cambodia 2025» សម្រាប់ឆ្នាំ២០២៥នេះ ហើយលោកនឹងត្រូវក្លាយជាបេក្ខភាពតំនាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងបុរសឯកលំដាប់ពិភពលោកនៅឯប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ដោយមានប្រទេសបារាំងជាសហម្ចាស់ផ្ទះ និងមានបណ្ដាប្រទេសជាច្រើនទៀតលើសកលលោកក៏នឹងបញ្ជូនបេក្ខភាពមកប្រកួតប្រជែងដូចគ្នា។

ជាការពិត ការរកឃើញម្ចាស់តំណែង Mister Grand Cambodia 2025 ជាផ្លូវការនេះ គឺបានធ្វើឡើងកាលពីយប់ថ្ងៃទី០១ តុលា ឆ្នាំ២០២៥ នៅក្នុងភោជនីយដ្ឋានវ័នម៉ សង្កាត់បឹងកក់ រាជធានីភ្នំពេញ ដោយមានការអ្ជើញចូលរួម ពីគណកម្មការដាក់ពិន្ទុ និងអ្នកគាំទ្រជាច្រើននាក់។ បេក្ខភាពជយលាភីដែលទើបនឹងរកឃើញនេះ គឺបន្ទាប់ពីខាងកម្មវិធីបានសម្រាំងយកបេក្ខជន៣រូប ឲ្យមកធ្វើការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយបេក្ខជន ជួប ចក្រាវុឌ្ឍ ទទួលបានពិន្ទុច្រើនជាង និងបានបង្ហាញឲ្យឃើញពីសមត្ថភាពលេចធ្លោរជាងគេ ក្រៅពីរូបសម្រស់ដ៏ស្រស់សង្ហាហើយនោះ។

ក្រោយទទួលបានជយលាភីលោក ជួប ចក្រាវុឌ្ឍ បានប្រកាសថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីនាំយកកិត្តិយសជូនកម្ពុជាក្នុងពេលលោកចេញទៅប្រកួតជាមួយបុរសឯកនៅក្នុងប្រទេសហ្វីលីពីន ជាមួយនឹងបេក្ខភាពមកពីបណ្ដាប្រទេសនានា។ ជាពិសេសលោកនឹងបង្ហាញឲ្យពិភពលោកឃើញថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានរងនូវការឈ្លានពានទឹកដីពីប្រទេសជិតខាង ដែលជាទង្វើមួយមិនអាចទទួលយកបាន ខណៈដែលប្រទេសកម្ពុជាត្រូវការតែសន្ដិភាព និងការអភិវឌ្ឍ។

ដោយឡែកលោក ស៊ុន ប៊ុនរិទ្ធិ ND Mister Grand Cambodia 2025 បានអះអាងថា ដោយសារតែក្នុងឆ្នាំនេះស្ថានភាពប្រទេសនៅបន្តមានរឿងចម្រូងចម្រាស ជាមួយប្រទេសថៃ ដែលមិនអំណោយផលសម្រាប់ឲ្យលោក រៀបចំការប្រកួតជាទ្រង់ទ្រាយធំ ទើបខាងស្ថាប័ន សម្រេចប្រកួតប្រជែងតាមរយៈការដាក់ពាក្យ ហើយជម្រើសយកតែបេក្ខភាពខ្លាំងៗ៣រូប ក្នុងចំណោមអ្នកដាក់ពាក្យទាំងអស់ ឲ្យមកប្រកួតប្រជែងគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ លោកថា នៅក្នុងកាលៈទេសៈនេះ មិនស័ក្តិសមសម្រាប់ឲ្យកម្មវិធីរៀបចំ ការប្រកួតដែលមានលក្ខណៈបែបធឹកអធ័ម និងប្រើពេលយូរនៅឡើយ ហើយក៏មិនគួរជ្រើសតាំងដោយគ្មានវេទិកាបង្ហាញពីសមត្ថភាពផ្សេងៗចូលរួមដែរ ទើបលោកសម្រេចជ្រើសរកតែបេក្ខជនឆ្នើមៗតែ៣រូប ពីការដាក់ពាក្យ ឲ្យមកប្រកួតគ្នារអ្នកឈ្នះ។

លោកសម្ដែងការអបអរចំពោះបេក្ខជន ជួប ចក្រាវុឌ្ឍ ដែលបានយកឈ្នះបេក្ខភាព ២រូបទៀត ហើយបានតំណាងជា Mister Grand Cambodia តំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅចុងឆ្នាំនេះ និង សម្ដែងនូវការសោកស្ដាយចំពោះបេក្ខភាព២រូប ដែលសុទ្ធតែមានសមត្ថភាព និងមានរូបសម្បត្តិ មិនចាញ់អ្មកឈ្នះ។ យ៉ាងណាមិញលោកថា បេក្ខភាព២រូបទៀត គឺលោក ជីមមី ដែលបានតំណែង 1st Runner Up និង បេក្ខភាព ចន ពេជ្ររក្សា 2nd Runner Up ក៏នឹងអាចទទួលឱកាសចេញទៅប្រកួតតំណាងកម្ពុជា ក្នុងកម្មវិធីណាមួយបានផងដែរ ប្រសិនបើខាងស្ថាប័ន អាចទិញសិទ្ធិកម្មវិធីណាមួយ ដែលអាចទៅរួច។ នៅក្នុងការប្រកួតនេះ លោកក៏ថ្លែងអំណរគុណចំពោះបណ្ដាសិល្បករ និងភ្ញៀវទាំងអស់ ដែលបានចូលរួម។

សូមជម្រាបថា លោក ជួប ចក្រាវុឌ្ឍ នឹងតំណាងឲ្យប្រទេសកម្ពុជា ចេញទៅប្រកួត Mister Grand International 2025 នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា រហូតដល់ថ្ងៃ៥ ធ្នូ ឆ្នាំ២០២៥ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម។ លោក ជួប ចក្រាវុឌ្ឍ មិនមែនជាបេក្ខភាពដែលចូលប្រឡូកក្នុងវិស័យបុរសឯកជាលើកដំបូងនោះទេ នាពេលកន្លងមក លោកក៏ធ្លាប់ចូលប្រឡូកក្នុងវិស័យនេះ និងធ្លាប់ត្រូវបានស្ថាប័នមួយ ជ្រើសតាំងឲ្យតំណាងកម្ពុជាទៅប្រកួតនៅឆាកអន្តរជាតិផងដែរ៕