កីឡាយុវជនអាស៊ី នៅបារ៉ែន មានតម្លៃលើសពីការប្រកួតប្រជែងសម្រាប់កម្ពុជា ដែលត្រូវទាក់ទាញការចាប់អារម្មណ៍ការត្រៀមធ្វើម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩

02-10-2025 13:41

(ភ្នំពេញ)៖ បេសកកម្មចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាចុងខែតុលានេះ មានតម្លៃលើសពីការប្រកួតប្រជែងបច្ចេកទេសសម្រាប់កម្ពុជា ដែលត្រូវយកវេទិកានេះ ដើម្បីទាក់ទាញការចាប់អារម្មណ៍បណ្ដាប្រទេសទាំងអស់ ក្នុងការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩ ខាងមុខ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីវិន័យ និងក្រមសីលធម៌ ដល់មន្ដ្រី គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី រយៈពេល ២ថ្ងៃ នៅថ្ងៃទី២-៣ ខែតុលានេះ ដែលរៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីផ្សព្វផ្សាយ និងអប់រំ អំពីរបៀបរបបនៃការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

លោកថា ដោយសារការចូលរួមកាន់តែកៀកថ្ងៃ គ្រប់ភាគីពាក់ព័ន្ធ នឹងផ្ដោតការយកចិត្តទុកដាក់ និងខំប្រឹងកាន់តែខ្លាំង ដើម្បីធ្វើយ៉ាងណាឲ្យការចូលរួម ប្រកបដោយសុវត្ថិភាព ប្រកបដោយភាពរលូន និងប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងការរៀបចំ គ្រប់គ្រង និងដឹកនាំ ដ្បិតបេសកកម្មលើកនេះ មានលក្ខណៈពិសេសលើសពីការប្រកួតប្រជែងបច្ចេកទេស តែជាឱកាសបង្ហាញពីការត្រៀមទទួលស្វាគមន៍ប្រតិភូ និងអត្ដពលិកគ្រប់បណ្ដាប្រទេសមកកម្ពុជាវិញម្ដង នាឆ្នាំ២០២៩។

រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដដែលបន្ដថា «ការចូលរួមប្រកួតលើកនេះ មានលក្ខណៈពិសេស ដោយសារការចូលរួមលើកនេះ ដើម្បីទទួលស្វាគមន៍គេមកផ្ទះយើងវិញ នៅឆ្នាំ២០២៩ ។ អ៊ីចឹងបេសកកម្មរបស់យើង មានតម្លៃ សម្រាប់ធ្វើយ៉ាងណា គឺទាក់ទាញការចាប់អារម្មណ៍ ទាំងផ្នែកបច្ចេកទេស ទំនាក់ទំនង និងនយោបាយកីឡា ដើម្បីឲ្យប្រទេសផ្សេងៗ ទាំង ៤៥ប្រទេស គាត់មានភាពកកក់ក្ដៅ សម្រាប់ការត្រៀមលក្ខណៈចូលរួមប្រកួតនៅកម្ពុជា ឆ្នា២០២៩»។

តាមរយៈនេះ លោកបានផ្ដាំផ្ញើដល់មន្ដ្រី គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានភាពទទួលខុសត្រូវខ្ពស់ សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី លើកនេះ ពោលគឺកីឡាករ-កីឡាការិនី ត្រូវគោរពតួនាទីរបស់ខ្លួន ហើយគ្រូបង្វឹកក៏ដូចគ្នា ខណៈថ្នាក់ដឹកនាំ បានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួល និងដោះស្រាយរាល់បញ្ហានានា ដើម្បីជំរុញឲ្យការចូលរួម និងការប្រកួតបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ពិសេសគឺការឈានទៅដណ្ដើមមេដាយជូនជាតិ ក៏ដូចជាការត្រៀមទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេនពីបារ៉ែនផងដែរ។

គួរដឹងថា ការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាចុងខែតុលា កម្ពុជាត្រៀមបញ្ជូនប្រតិភូកីឡាចំនួន ១៣ប្រភេទចូលរួម ដែលមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុបប្រមាណ ១៥០នាក់ ក្នុងនោះក៏មានប្រតិភូពិសេស ១ក្រុម ទាំងក្រុមសិល្បៈ និងក្បាច់គុនខ្មែរបុរាណ ដើម្បីសម្ដែងអបអរសាទរពិធីទទួលទង់ធ្វើម្ចាស់ផ្ទះបន្ដវេន នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ នាឆ្នាំ២០២៩ នៅប្រទេសកម្ពុជាផងដែរ៕