Google ថាពួក Hacker កំពុងផ្ញើអ៊ីមែលទារប្រាក់ពី CEO ធំៗ ដោយគំរាមថាបានលួចទិន្នន័យពីក្រុមហ៊ុន Oracle

02-10-2025 15:11

(បរទេស)៖ ក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធដ៏ធំរបស់ក្រុមហ៊ុន Alphabet បានប្រកាសពីការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញយុទ្ធនាការវាយប្រហារតាមអ៊ីមែលទ្រង់ទ្រាយធំ។ ក្រុមហ៊ុនបានឱ្យដឹងថា ក្រុម Hacker កំពុងផ្ញើអ៊ីមែលទារប្រាក់ទៅកាន់នាយកប្រតិបត្តិ (CEO) មួយចំនួនធំ ដែលមិនបានបញ្ជាក់ចំនួន ដោយអះអាងថាពួកគេបានលួចយក ទិន្នន័យរសើប ពីកម្មវិធីពាណិជ្ជកម្ម Oracle E-Business Suite របស់ក្រុមហ៊ុនទាំងនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ Google បានបញ្ជាក់ថា ក្រុមជនអនាមិកដែលអះអាងថាមានទំនាក់ទំនងជាមួយក្រុម Ransomware ដ៏ល្បីឈ្មោះ cl0p កំពុងតែព្យាយាមបង្កភាពច្របូកច្របល់។ Google បានបញ្ជាក់នូវខ្លឹមសារនៃអ៊ីមែលនោះថា ក្រុម Hacker បានផ្ញើសារទៅកាន់ «នាយកប្រតិបត្តិនៅតាមស្ថាប័នជាច្រើន ដោយអះអាងថាបានលួចយកទិន្នន័យរសើបពី Oracle E-Business Suite របស់ពួកគេ»

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានធ្វើការព្រមានដោយប្រុងប្រយ័ត្នទៅកាន់សាធារណជនថា ខ្លួន «បច្ចុប្បន្នមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីភាពត្រឹមត្រូវនៃការអះអាងទាំងនេះនៅឡើយទេ»។ នេះមានន័យថា ក្រុមហ៊ុនមិនទាន់ហ៊ានអះអាងថាតើការគំរាមកំហែងនេះជាការពិត ឬគ្រាន់តែជាការបោកបញ្ឆោតនៅឡើយនោះទេ។

គួរជម្រាបថា រហូតមកដល់ពេលនេះ សារដែលស្នើសុំការអត្ថាធិប្បាយពីក្រុម cl0p និងក្រុមហ៊ុន Oracle នៅតែមិនទាន់ត្រូវបានឆ្លើយតបវិញភ្លាមៗនៅឡើយ។ ខណៈ Google បានបរិយាយអំពីយុទ្ធនាការផ្ញើអ៊ីមែលនេះថាជាការវាយប្រហារ «បរិមាណខ្ពស់» (High-Volume) ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕