James នឹងអវត្តមាន ពេលវ៉េល ប៉ះអង់គ្លេស និងប៊ែលហ្សិក ក្នុងខែតុលា ដោយសាររបួស

03-10-2025 08:58

(បរទេស)៖ ខ្សែបម្រើស្លាប Dan James នឹងត្រូវអវត្តមាន ២ជំនួបធំរបស់ក្រុមជម្រើសជាតិវ៉េល ទល់នឹងតោកំណាចអង់គ្លេស និងបិសាចក្រហមប៊ែលហ្សិក ប្រចាំខែតុលា ឆ្នាំ២០២៥ ដោយសាររបួស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានគេគិតថា នឹងខកខានប្រកួតចាប់ពី ៤ទៅ៦សប្តាហ៍ឯណោះ ក្រោយរងរបួសកជើងនាពេលអំឡុងហ្វឹកហាត់។ នេះបើយោងតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅក្លឹប Leeds United គឺលោក Daniel Farke។

លោក Farke បានថ្លែងឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា James នឹងអាចវិលមកកាន់ទីលានវិញ យ៉ាងហោចណាស់ក៏ក្រោយពេលបញ្ចប់លេងជម្រើសជាតិចប់នាខែវិច្ឆិកាដែរ។ វាពិតជា «កាដូ និងភ្ញាក់ផ្អើល» ផងដែរ ប្រសិនបើគាត់អាចវិលត្រឡប់មុនពេលនេះ។

ទោះជាយ៉ាងណា វ៉េលពុំទាន់កោះហៅកីឡាកររូបណា ដើម្បីជំនួសកន្លែងរបស់ James ដែលចូលលេងបាន ៥៩ប្រកួតនៅឡើយទេ ទល់នឹងអង់គ្លេសនៅកីឡដ្ឋាន Wembley នាថ្ងៃទី០៩ ខែតុលាក្នុងជំនួបមិត្តភាពអន្តរជាតិ មុនពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុមប៊ែលហ្សិក សម្រាប់វគ្គជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបនៅក្នុងទីក្រុង Cardiff នាថ្ងៃចន្ទ៕