លោក Infantino ថា FIFA មិនអាចដោះស្រាយបញ្ហាជម្លោះភូមិសាស្រ្តនយោបាយ បានទេ
03-10-2025 09:55
(ហ្សូរិច)៖ ប្រមុខ FIFA លោក Gianni Infantino បានលើកឡើងថា ស្ថាប័នកំពូលកីឡាបាល់ទាត់មួយនេះ ពុំអាចដោះស្រាយបញ្ហាភូមិសាស្រ្តនយោបាយបានទេ ក្នុងគ្រាដែលកំពុងរងសម្ពាធខ្លាំង ដើម្បីដាក់ទណ្ឌកម្មលើអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងកិច្ចការស្រាវជ្រាវមួយរបស់អង្គការសហប្រជាជាតិ UN ដែលបានបិទបញ្ចប់កាលពីចុងខែមុន បានចោទប្រកាន់អ៉ីស្រាអែលថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទៅប្រជាជនប៉ាឡេស្ទីននៅតំបន់កាហ្សា ដែលញាំងឱ្យទទូចមានការដាក់បម្រាម ចំពោះក្រុមកីឡានៃប្រទេសស្ថិតនៅតំបន់មជ្ឈិបបូព៌ាមួយនេះ។
ទោះជាយ៉ាងណា វត្តមានរបស់អ៉ីស្រាអែលក្នុងបាល់ទាត់ មិនត្រូវបានគេដាក់បញ្ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល FIFA កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនៅទីស្នាក់កណ្តាលនៃទីក្រុង Zurich ប្រទេសស្វីសឡើយ ក៏ប៉ុន្តែលោក Infantino ដែលបានចូលដឹកនាំ FIFA តាំងពីឆ្នាំ២០១៦ តពីលោក Sepp Blatter ក៏បានគូសបញ្ជាក់ខ្លះដែរ ក្នុងសុន្ទរកថាបើករបស់លោក។
បុរសសញ្ជាតិអ៉ីតាលី វ័យ ៥៥ឆ្នាំរូបនេះបានថ្លែងថា «ការព្រួយបារម្ភរបស់ពួកយើង គឺតែងតែស្ថិតនៅជាមួយជនរងគ្រោះជានិច្ចនៅជុំវិញពិភពលោក ហើយសារសំខាន់ដែលបាល់ទាត់អាចធ្វើបាននៅពេលនេះ ត្រឹមទទូចសុំសន្តិភាព និងឯកភាពតែប៉ុណ្ណោះ»។
លោក Infantino បានសង្កត់ធ្ងន់ថា «FIFA មិនអាចដោះស្រាយបញ្ហាជម្លោះភូមិសាស្រ្តនយោបាយបានទេ ដោយបានត្រឹមតែផ្សព្វផ្សាយពីបាល់ទាត់នៅជុំវិញពិភពលោក ការអប់រំ វប្បធម៌ និងតម្លៃនៃមនុស្សជាតិនោះទេ»៕