Meta នឹងប្រើការជជែកជាមួយ AI របស់អ្នកប្រើ ដើម្បីផ្តល់អត្ថបទនិងការផ្សាយពាណិជ្ជកម្មឲ្យត្រូវតាមចំណង់ចំណូលចិត្ត ចាប់ពីខែធ្នូនេះ
03-10-2025 10:53
(បរទេស)៖ Meta បានប្រកាសថាចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នឹងចាប់ផ្តើមប្រមូលនិងប្រើប្រាស់ព័ត៌មានពីការជជែករបស់អ្នកជាមួយ AI ក្នុងកម្មវិធីដូចជា Facebook និង Instagram ដើម្បីធ្វើឲ្យអត្ថបទ (content) និងការផ្សាយពាណិជ្ជកម្ម (ads) ដែលមានភាពសមរម្យជាងមុនតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។

Meta នឹងប្រើសំឡេង និងអត្ថបទ ដែលអ្នកបានជជែកជាមួយ Meta AI ដើម្បីបង្កើតការផ្តល់អត្ថបទ និងផ្សាយពាណិជ្ជកម្មដូចជា បង្ហាញអត្ថបទ (posts), វីដេអូ (Reels), និងក្រុម (groups) ដែលអ្នកអាចចាប់អារម្មណ៍ និងបង្ហាញ ads ដែលត្រូវនឹងចំណង់ចំណូលចិត្តផ្អែកលើអ្វីដែលអ្នកនិយាយជាមួយ AI។
តែយ៉ាងណា Meta អះអាងថាព័ត៌មានអំពីប្រធានបទមួយចំនួនដូចជា សាសនា, សុខភាព, ទស្សនៈនយោបាយ, ភេទ និងអត្តសញ្ញាណផ្លូវភេទ, ជនជាតិ និងពូជសាសន៍ នឹងមិនប្រើសម្រាប់ការផ្សាយពាណិជ្ជកម្មឡើយ។ ជុំវិញការចេញពាណិជ្ជកម្មនេះ អ្នកមិនអាចបដិសេធបានទេ លុះត្រាតែមិនប្រើ Meta AI តែម្តង។ ព័ត៌មាននេះនឹងជូនដំណឹងដល់អ្នកតាមរយៈសារ និងការជូនដំណឹងក្នុងកម្មវិធីចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ យ៉ាងណាមិញ មានប្រទេសមួយចំនួនដែលមិនមានលោតពាណិជ្ជកម្មគឺ ប្រទេសនៅក្នុងសហភាពអឺរ៉ុប (EU), អង់គ្លេស និងកូរ៉េ។
ការផ្លាស់ប្តូរនេះនឹងអនុវត្តលើគ្រប់កម្មវិធីរបស់ Meta រួមទាំង៖ Facebook, Instagram, Threads និង Messenger។ បើទោះបី Meta អះអាងថាអ្នកប្រើអាចគ្រប់គ្រងអ្វីដែលអ្នកចង់ឲ្យបង្ហាញតាម «Ad Preferences» ក៏មានការព្រួយបារម្ភពីអ្នកវិភាគថា ការប្រើទិន្នន័យក្នុងការជជែកអាចជារបៀបស្ទាបស្ទង់ឬលាក់លួច ដែលប៉ះពាល់ដល់សិទ្ធិឯកជនភាពរបស់អ្នក៕