ណាហ្គាវើលដ៍បេះដូងសប្បុរស រួមជាមួយបុគ្គលិកស្ម័គ្រចិត្ត៥០០នាក់ ប្រមូលសំណល់៤.៧តោន ក្នុងឱកាសអបអរទិវាសម្អាតពិភពលោក

03-10-2025 11:08

(កណ្តាល)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ រួមជាមួយបុគ្គលិកស្ម័គ្រចិត្តរបស់ខ្លួន ប្រហែល៥០០នាក់ បានប្រមូលសំណល់ប្លាស្ទិក និងសំរាម៤.៧តោន ដែលស្មើនឹងការកាត់បន្ថយ ការបញ្ចេញចោលនៃឧស្ម័នកាបូនិក៧០៥គីឡូក្រាម។

ពិធីនេះ ត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០២៥ ហើយគំនិតផ្តួចផ្តើមនេះ មានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្តជាច្រើន ដោយពួកគេបានចំណាយពេល ជាង៣០០០ម៉ោង ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន។

ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពសម្អាតជាច្រើននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តកែប។ សិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរ មូលដ្ឋាន បានពួតដៃគ្នាប្រមូលសំណល់ប្លាស្ទិក និងសំរាមនៅតាមផ្លូវជាតិ ទីធ្លាសាលារៀន កោះ និងឆ្នេរសមុទ្រ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានប្រែក្លាយទីសាធារណៈ ដែលមានសំរាម ទៅជាកន្លែងដែលស្អាត និងស្រស់បំព្រងជាងមុន ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា «ការរក្សាប្រទេសកម្ពុជាឱ្យស្អាត គឺជាទំនួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ បុគ្គលិកស្ម័គ្រចិត្តរបស់យើង បានប្រែក្លាយទំនួលខុសត្រូវនេះ ទៅជាសកម្មភាពដោយធ្វើការប្រមូលសំរាមជាក់ស្តែង និងផ្តល់សិក្ខាសាលាអប់រំនៅតាមសាលារៀន។ ការផ្តោតរបស់យើង មិនត្រឹមតែកាត់បន្ថយសំណល់ និងលើកកម្ពស់ការកែច្នៃឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយសំរាមឱ្យតិចបំផុតហូរចូលទន្លេ ឬកន្លែងចាក់សំរាម។ បរិស្ថានកាន់តែស្អាត មានន័យថាការរស់នៅមានសុខភាពល្អជាងមុន និងសហគមន៍ប្រសើរជាងមុន»

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៨ ក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្អាតទន្លេសមុទ្រ។

លោក នូ សុវណ្ណ ស្ថាបនិកអង្គការសម្អាតទន្លេសមុទ្រ បានឱ្យដឹងថា «ការជួយសង្គ្រោះទន្លេ មានន័យថា ជួយសង្គ្រោះជីវិត។ ទន្លេ គឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា។ ទន្លេផ្តល់ទឹក អាហារ និងបង្កើនជីវភាពដល់មនុស្សរាប់លាននាក់។ ប៉ុន្តែទន្លេរបស់យើងត្រូវបានបំពុល ហើយតម្លៃរបស់វាត្រូវបានមើលរំលង ដែលនាំទៅរកផលប៉ះពាល់អវិជ្ជមានទៅលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន»

ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ លោក សុវណ្ណ បានបន្ថែមថា «សម្រាប់ខ្ញុំ បេសកកម្មនេះ មានរឿងពាក់ព័ន្ធជាមួយខ្ញុំច្រើន។ ធំលូតលាស់បន្ទាប់ពីរបបខ្មែរក្រហម គ្រួសារដែលមានគ្នា៩នាក់របស់ខ្ញុំ បានរស់រានមានជីវិតនៅលើទឹកបឹងដែលនៅក្បែរកន្លែងរស់នៅរបស់ខ្ញុំ។ ក្រោយមក នៅពេលខ្ញុំធ្វើដំណើរទូទាំងប្រទេសកម្ពុជា ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញទន្លេ និងឆ្នេរមានសំណល់ប្លាស្ទិករាយប៉ាយយ៉ាងច្រើន។ ឃើញដូចនោះ ខ្ញុំក៏បានអំពាវនាវឱ្យមានសកម្មភាព។ ការប្រឹងប្រែងដែលយើងធ្វើដើម្បីការពារទន្លេរបស់យើង ផ្តល់លទ្ធផលវិជ្ជមានយូរអង្វែង ធ្វើឱ្យជីវិតប្រសើរឡើង និងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់ប្រទេសកម្ពុជា»

គួរដឹងថា ណាហ្គាវើលដ៍ ប្តេជ្ញាលើកកម្ពស់និរន្តរភាពបរិស្ថាននៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ តាមរយៈណាហ្គាវើលដ៍បេះដូងសប្បុរស កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានពង្រីក ទៅដល់សាលារៀន និងសហគមន៍ដែលជួយលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងលើកទឹកចិត្ត ឱ្យមានការផ្លាស់ប្តូរ ឥរិយាបថជាលក្ខណៈយូរអង្វែង។

តាមរយៈការបញ្ចូល ការអនុវត្តបែបនិរន្តរភាព ទៅក្នុងការប្រតិបត្តិការ និងពង្រីកទៅដល់សាលារៀន និងសហគមន៍ ណាហ្គាវើលដ៍បន្តគាំទ្រដល់គោលដៅ ការពារបរិស្ថាន យូរអង្វែងរបស់ប្រទេសកម្ពុជា ធ្វើការឆ្ពោះទៅរកអនាគតកាន់តែស្រស់បំព្រង បៃតង និងមានភាពធន់ជាងមុន សម្រាប់ប្រទេសកម្ពុជា៕