ចិនដាក់កម្រិតខ្លាំង! ក្រុមហ៊ុន Nokia និង Ericsson ត្រូវឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខ «ប្រអប់ខ្មៅ» ដ៏អាថ៌កំបាំង
03-10-2025 11:25
(បរទេស)៖ ប្រទេសចិនកំពុងដាក់កម្រិតលើការប្រើប្រាស់បរិក្ខារទូរគមនាគមន៍ពីក្រុមហ៊ុនអឺរ៉ុបធំៗ គឺ Nokia (ហ្វាំងឡង់) និង Ericsson (ស៊ុយអែត) ក្នុងបណ្តាញរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times ដែលត្រូវបានដកស្រង់បន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។

កិច្ចសន្យារបស់ក្រុមហ៊ុន Ericsson និង Nokia ត្រូវបានតម្រូវឱ្យដាក់ជូនទៅការិយាល័យគ្រប់គ្រងលំហអនឡាញរបស់ចិន (Cyberspace Administration of China - CAC) ដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខជាតិដ៏តឹងរ៉ឹងតាមបែប «ប្រអប់ខ្មៅ» (black box review)។ របាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុនទាំងពីរមិនត្រូវបានប្រាប់ពីរបៀបដែលបរិក្ខាររបស់ពួកគេត្រូវបានវាយតម្លៃឡើយ ដែលធ្វើឱ្យដំណើរការនេះមានភាពអាថ៌កំបាំង។
បន្ថែមពីនេះ ក្រុមអ្នកទិញបរិក្ខារទូរគមនាគមន៍ដែលជារដ្ឋ នឹងតម្រូវឱ្យអ្នកដេញថ្លៃទាំងអស់ដាក់ឯកសារលម្អិតលើសមាសធាតុនីមួយៗក្នុងប្រព័ន្ធរបស់ពួកគេ រួមទាំងសមាមាត្រនៃខ្លឹមសារក្នុងស្រុក (local content) ផងដែរ។
ទាក់ទិងនឹងរបាយការណ៍នេះ ក្រុមហ៊ុន Nokia និង Ericsson នៅមិនទាន់មានការឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅឡើយទេ ហើយគេក៏មិនអាចទាក់ទងទៅកាន់ស្ថាប័ន CAC បានភ្លាមៗដែរក្នុងអំឡុងពេលដែលព័ត៌មាននេះត្រូវបានចេញផ្សាយ៕