OpenAI ឈានដល់តម្លៃ ៥០០ពាន់លានដុល្លារ បន្ទាប់ពីលក់ភាគហ៊ុនទៅកាន់ SoftBank និងវិនិយោគិនផ្សេងទៀត

03-10-2025 11:59

(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT បានឈានដល់តម្លៃលើទីផ្សារសរុប ៥០០ពាន់លានដុល្លារ បន្ទាប់ពីការលក់ភាគហ៊ុនមួយចំនួនទៅកាន់ក្រុមហ៊ុនវិនិយោគធំៗ ដោយភាគហ៊ុនទាំងនេះត្រូវបានលក់ចេញពីមនុស្សក្នុងក្រុមហ៊ុននិងអតីតនិយោជិកប្រមាណជាង ៦.៦ ពាន់លានដុល្លារ។

តម្លៃថ្មីនេះបានកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងតម្លៃ ៣០០ពាន់លានដុល្លារកាលពីដើមឆ្នាំ២០២៥ ដែលបញ្ជាក់ពីភាពជឿជាក់ខ្ពស់របស់វិនិយោគិនចំពោះការលូតលាស់នៃក្រុមហ៊ុន។ ការលក់ភាគហ៊ុននេះទទួលបានការចូលរួមពីវិនិយោគិនធំៗដូចជា SoftBank, Thrive Capital, Dragoneer Investment Group, MGX និង T. Rowe Price។ OpenAI បានអនុញ្ញាតឲ្យលក់ភាគហ៊ុនជាច្រើនលើទីផ្សារង (secondary market) ដល់ ១០ពាន់លានដុល្លារ ប៉ុន្តែវិនិយោគិនទទួលបានតែផ្នែកមួយប៉ុណ្ណោះក្នុងដំណើរលក់នេះ។

ការលក់ភាគហ៊ុននេះ គឺជាការបន្ថែមលើការវិនិយោគ ៤០ពាន់លានដុល្លារ ដំបូងរបស់ SoftBank ក្នុង OpenAI។ នៅពាក់កណ្តាលឆ្នាំ២០២៥ OpenAI មានចំណូលប្រមាណ ៤.៣ ពាន់លានដុល្លារ ដែលកើនឡើងជាងឆ្នាំមុនប្រហែល ១៦%។ តម្លៃថ្មីនេះបានជម្រុញឲ្យ OpenAI ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឯកជនដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក ប៉ុន្តែទើបតែបានលើស SpaceX របស់ Elon Musk។

គួរជម្រាបថា នេះក៏ជាសញ្ញាបញ្ជាក់ថា បច្ចេកវិទ្យា AI កំពុងក្លាយជាវិស័យដែលក្រុមហ៊ុនធំៗក្នុងវិស័យបច្ចេកវិទ្យាកំពុងប្រណាំងគ្នា ដើម្បីទទួលបានអាទិភាពនៅក្នុងសម័យថ្មីនៃបច្ចេកវិទ្យា៕