Apple ដកកម្មវិធីតាមដាន ICEBlock ចេញពី App Store ភ្លាមៗ ក្រោយសម្ពាធពីរដ្ឋបាលលោក Trump ថា បង្កហានិភ័យដល់ភ្នាក់ងារសន្តិសុខ
03-10-2025 13:14
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួនបានដកកម្មវិធី ICEBlock ដែលជាកម្មវិធីពេញនិយមបំផុត និងកម្មវិធីស្រដៀងគ្នាផ្សេងទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់តាមដានទីតាំងភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) ចេញពី App Store របស់ខ្លួន។ ការដកចេញនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីលោក Donald Trump បានទាក់ទងដោយផ្ទាល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។

ក្រសួងយុត្តិធម៌អាមេរិកបានអះអាងថា កម្មវិធីទាំងនេះអាច បង្កើនគ្រោះថ្នាក់នៃអំពើហិង្សា និងការវាយប្រហារទៅលើភ្នាក់ងារសហរដ្ឋអាមេរិក។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ ក្រុមហ៊ុន Apple បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ផ្អែកលើព័ត៌មានដែលយើងបានទទួលពីភ្នាក់ងារអនុវត្តច្បាប់អំពីហានិភ័យសុវត្ថិភាពដែលពាក់ព័ន្ធនឹងកម្មវិធី ICEBlock យើងបានដកកម្មវិធីនេះ និងកម្មវិធីស្រដៀងគ្នាផ្សេងទៀតចេញពី App Store»។
ការដកកម្មវិធីនេះត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន Fox Business ដែលបានដកស្រង់សម្ដីរបស់អគ្គមេធាវីអាមេរិក លោកស្រី Pam Bondi ដែលបានបញ្ជាក់ពីការទាក់ទងទៅ Apple ដើម្បីដកកម្មវិធីចេញ ហើយក្រុមហ៊ុនក៏បានអនុវត្តតាម។ លោកស្រី Bondi បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា៖ «ICEBlock ត្រូវបានរៀបចំឡើងដើម្បីដាក់ភ្នាក់ងារ ICE ឱ្យប្រឈមនឹងគ្រោះថ្នាក់គ្រាន់តែសម្រាប់ការបំពេញការងាររបស់ពួកគេ ហើយអំពើហិង្សាប្រឆាំងនឹងភ្នាក់ងារអនុវត្តច្បាប់គឺជាបន្ទាត់ក្រហមដែលមិនអាចអត់ឱនបាន ហើយមិនអាចឆ្លងកាត់បានឡើយ»។
គួរកត់សម្គាល់ថា លោកស្រី Bondi និងរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ លោកស្រី Kristi Noem ធ្លាប់បានព្រមានអ្នកបង្កើតកម្មវិធីនេះថា លោកស្រី «មិនមានការការពារ» ក្រោមរដ្ឋធម្មនុញ្ញ ហើយថាពួកគេកំពុងពិចារណាចោទប្រកាន់លោកស្រី។
តែយ៉ាងណា អ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្សបានសម្តែងការព្រួយបារម្ភថា សិទ្ធិក្នុងការបញ្ចេញមតិ និងដំណើរការនីតិវិធីត្រឹមត្រូវអាចនឹងត្រូវបានរំលោភ ខណៈដែលរដ្ឋាភិបាលជំរុញឱ្យមានការបណ្តេញចេញរបស់ខ្លួន។ សកម្មភាពរបស់ Apple លើកនេះ ក៏អាចជំរុញឱ្យមានការពិនិត្យពិច័យកាន់តែខ្លាំងលើទំនាក់ទំនងរវាងក្រុមហ៊ុនបច្ចេកវិទ្យា និងរដ្ឋបាលលោក Trump ផងដែរ៕