Elon Musk កំណត់ប្រវត្តិសាស្ត្រជាថ្មី ក្លាយជាមនុស្សដំបូងលើលោក មានទ្រព្យសម្បត្តិសុទ្ធលើស ៥០០ពាន់លានដុល្លារអាមេរិក
03-10-2025 13:37
(បរទេស)៖ លោក Elon Musk ត្រូវបានរាយការណ៍ថា បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិសុទ្ធលើស ៥០០ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់លោកបានកើនឡើងយ៉ាងគំហុកសារជាថ្មីពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបានងើបឡើងវិញ ហើយបូករួមជាមួយនឹងតម្លៃទីផ្សារដែលកំពុងកើនឡើងរបស់ SpaceX និង xAI។

ភាគហ៊ុនរបស់ Tesla បានហក់ឡើងឡើងជាង ១៤% ក្នុងឆ្នាំនេះ ខណៈដែល Elon Musk បន្តវិនិយោគបន្ថែមក្នុងក្រុមហ៊ុននេះ។ បច្ចុប្បន្ននេះ លោកគឺជាមនុស្សមានទ្រព្យសម្បត្តិខ្ពស់ជាងគេបង្អស់លើពិភពលោក ហើយទ្រព្យសម្បត្តិរបស់លោកគឺលើសពីផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជាច្រើនផ្សេងទៀតផងដែរ។
អ្នកវិនិយោគ បានសម្លឹងឃើញទិដ្ឋភាពវិជ្ជមាននៃអនាគតរបស់បច្ចេកវិជ្ជា AI និងផ្នែកអវកាសបណ្តាលឲ្យការវាយតម្លៃលើក្រុមហ៊ុនរបស់ Elon Musk ឡើងដល់កំពូល។ ការឡើងនៃភាគហ៊ុន Tesla និងការវាយតម្លៃខ្ពស់សម្រាប់ SpaceX និង xAI បានជួយឲ្យទ្រព្យសម្បត្តិ៍ Elon Musk កើនឡើងយ៉ាងឆាប់រហ័ស។
យោងទៅតាម Forbes និង Reuters, ទ្រព្យសម្បត្តិសុទ្ធរបស់ Elon Musk បានប៉ាន់ប្រមាណទៅដល់ ៥០០.១ ពាន់លានដុល្លារ នៅពេលខ្លះ ខណៈពេល Bloomberg វាយតម្លៃថា អាចនៅជុំវិញ ៤៧០ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា តម្លៃទ្រព្យសម្បត្តិរបស់អ្នកមានខ្លាំងៗ អាចផ្លាស់ប្តូរយ៉ាងគួរឱ្យភ្ញាក់ផ្អើល គ្រាន់តែដោយការផ្លាស់ប្តូរតិចតួចក្នុងទីផ្សារភាគហ៊ុនប៉ុណ្ណោះ។ អ្វីដែលសំខាន់ Elon Musk ឥឡូវនេះមានទ្រព្យសម្បត្តិលើសពីផលិតផលក្នុងស្រុកប្រចាំឆ្នាំ (GDP) របស់ប្រទេសជាង១៤០នៅលើពិភពលោកទៅទៀត៕