សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរ គ្រី ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥០០កន្លែង

03-10-2025 15:50

(កណ្ដាល)៖ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជបួរ គ្រី ប្រកាសផ្តល់អាហារូបករណ៍សិក្សា ១០០% រហូតដល់បញ្ចប់ការសិក្សា ចំនួន ៥០០កន្លែង ដោយស្វ័យប្រវត្តិដល់សិស្សគ្រប់រូប សម្រាប់មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និងទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ។

សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការនៃបានមានដីកាឱ្យដឹងនៅថ្ងៃទី៣ ខែ តុលា ឆ្នាំ២០២៥នេះថា ចំពោះលក្ខខណ្ឌនៃការទទួលបានអាហារូបករណ៍ខាងលើនេះ គឺតម្រូវឱ្យសមណសិស្ស និស្សិតត្រូវមានសញ្ញាបត្រធម្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។ សាកលវិទ្យាល័យនឹងផ្តល់ជូននូវមុខជំនាញជាច្រើនប្រភេទដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ព្រះអង្គ មានថេរដីការបន្តថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាគ្រឹះស្ថានសិក្សាឯកជនតែមួយគត់ដែលមិនស្វែងរកប្រាក់ចំណេញពីវិស័យអប់រំនៅកម្ពុជា ដោយសារតែថ្នាក់ដឹកនាំបានប្រមើលមើលឃើញពីតម្រូវការធនធានមនុស្សប្រកបដោយសក្ដានុពលនាពេលអនាគតនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមភូមិឃុំនានានៃបណ្ដាលខេត្តដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រការនេះទាមទារឱ្យមានការរៀបចំការអប់រំបណ្ដុះបណ្ដាលជាផ្លូវការមួយដែលមានលក្ខណៈសមស្រប និងមានអំណោយផលដល់កូនខ្មែរនៅតាមទីជនបទដែលមានឆន្ទៈនិងការតាំងចិត្តខ្ពស់ក្នុងការចូលរួមអភិវឌ្ឍស្រុកកំណើតរបស់ខ្លួន។

ព្រះអង្គ អះអាងថា ក្នុងក្របខណ្ឌនេះការទទួលយកនិស្សិតមកពីភូមិឃុំនៃបណ្ដាខេត្តឆ្ងាយៗឱ្យមកបន្តការសិក្សាក្នុងកម្រិតឧត្តមសិក្សាប្រកបដោយគុណភាព និងដោយមិនតម្រូវឱ្យបង់ថ្លៃសិក្សា គឺជាការកសាងធនធានមនុស្សដែលឆ្លើយតបចំៗទៅនឹងតម្រូវការជាក់ស្ដែងសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ ជាមួយគ្នានេះសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបេសកកម្ម បន្តសាងសង់អគារសិក្សាទីតាំងទី២ ឱ្យបានរួចរាល់តាមការគ្រោងទុក ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងបណ្តុះបណ្តាលនិស្សិតគ្រប់ជំនាញប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដោយឈរលើគោលការណ៍មិនយកថ្លៃសិក្សាពីនិស្សិត។

សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។

ក្នុងបេសកកម្មនៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាពនៃការអប់រំ ក្នុងក្របខ័ណ្ឌនៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹងជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ ។

បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជបួរ គ្រី ក៏មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យបរទេសឲ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។

សូមបញ្ជាក់ជូនថា សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ៕