សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ចុះអនុស្សរណៈជាមួយក្រុមហ៊ុន Elite Hospitality & Management ដើម្បីពង្រឹងជំនាញបន្ថែមដល់និស្សិតកម្ពុជា
04-10-2025 08:55
(ភ្នំពេញ)៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្រុមហ៊ុន Elite Hospitality & Management (EHM) ដែលព្រឹត្ដទៅក្រោមអធិបតីភាព លោកស្រីបណ្ឌិត ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងលោក Hun Faz អគ្គនាយកនៃក្រុមហ៊ុន Elite Hospitality & Management។

ក្នុងឱកាសនោះលោកស្រីបណ្ឌិត ទេព កុលាប បានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នាដ៏មានសារៈសំខាន់នេះ គឺជាផ្នែកមួយជួយបំពេញនូវចំណេះជំនាញ និងបទពិសោសធន៍ថ្មីក្រៅពីសាលាផ្ដល់ជូនដល់និស្សិត ពិសេសការសិក្សាស្វែងយល់ និងដកពិសោធន៍ផ្ទាល់តាមរយៈការសិក្ខាសាលា និងទស្សនកិច្ចសិក្សាជាដើមទៅកាន់ក្រុមហ៊ុន។
ជាមួយគ្នានេះលោក Hun Faz អគ្គនាយកនៃក្រុមហ៊ុន Elite Hospitality & Management ក៏បានគូសបញ្ជាក់ ជាការពិតណាស់ភាពជាដៃគូនេះ នឹងរួមគ្នាអភិវឌ្ឍចំណេះជំនាញបន្ថែមជូនដល់និស្សិត ពិសេសការទទួលបានការបណ្ដុះបណ្ដាលបន្ថែម ឬក៏អនុវត្ដដោយផ្ទាល់នៅក្រុមហ៊ុនរបស់ខ្លួន ហើយការតម្រង់ទិសដៅការងារមួយ ក្រោយបញ្ចប់ការសិក្សាផងដែរ។
សូមជម្រាបថា ភាពជាដៃគូនេះមានគោលបំណងផ្តល់ឱកាសដល់និស្សិតនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឱ្យទទួលបានបទពិសោធន៍ជាក់ស្តែងពីក្រុមហ៊ុន Elite Hospitality & Management តាមរយៈកម្មវិធីបណ្ដុះបណ្ដាល សិក្ខាសាលា និងទស្សនកិច្ចសិក្សា។ ការសហការនេះនឹងជួយឱ្យនិស្សិតអាចអនុវត្តចំណេះដឹងដែលបានរៀន និងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ទីផ្សារការងារ៕