Yamal មានរបួស ខកខានជួយអេស្ប៉ាញលេងជម្រុះ World Cup 2026

04-10-2025 09:02

(បាសេឡូណា)៖ ខ្សែបម្រើស្លាប Lamine Yamal ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លឹប FC Barcelona នឹងអវត្តមានពីក្រុមជម្រើសជាតិគោជល់អេស្ប៉ាញលេងជម្រុះ World Cup 2026 ក្នុងខែតុលានេះ ដោយសាររបួសក្រលៀន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានជួបបញ្ហារបួសខាងលើ ក្នុងជំនួបដែលក្រុមអ្នកមានបុណ្យ Barcelona បានចាញ់ក្រុមការពារតំណែងជើងឯក Paris St-Germain នៅពាន UEFA Champions League កាលពីរាត្រីថ្ងៃពុធ។

Barcelona បានបញ្ជាក់ថា «បញ្ហារបួសក្រលៀនរបស់ Yamal នឹងអវត្តមានពីការប្រកួតទល់នឹង Sevilla នាថ្ងៃអាទិត្យស្អែកនេះ ដោយអាចត្រឡប់មកវិញក្នុងរយៈពេល ២-៣សប្តាហ៍ខាងមុខឯណោះ»។

នេះមានន័យថា សមាជិកឈ្នះជើងឯកអឺរ៉ុប UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ នឹងអវត្តមានពីអេស្ប៉ាញ នៃជំនួបទល់នឹងហ្ស៊កហ្ស៊ី និងបុលហ្គារី នាសប្តាហ៍ក្រោយនេះ សម្រាប់កម្មវិធីប្រកួតប្រជែងកៅអីឆ្ពោះទៅ World Cup ឆ្នាំក្រោយនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា។

កីឡាករដែលត្រូវបានជ្រើសរើសចេញពីថ្នាលយុវជន Yamal ទើបតែស៊ុតបាន ២គ្រាប់ ពីការបង្ហាញខ្លួន ៥លើកនៅ Barcelona សម្រាប់រដូវកាល ២០២៥-២៦ នេះ៕