ឥណ្ឌូនេស៊ី ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើ TikTok រឿងមិនបង្ហាញព័ត៌មាន Live Stream ទាំងអស់
04-10-2025 09:19
(បរទេស)៖ ឥណ្ឌូនេស៊ី បានសម្រេច ផ្អាកការចុះឈ្មោះរបស់ TikTok ជាអ្នកផ្តល់សេវាប្រព័ន្ធអេឡិចត្រូនិក ដោយសារក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនេះ បរាជ័យក្នុងការប្រគល់ទិន្នន័យពេញលេញ ទាក់ទងនឹងការប្រើប្រាស់មុខងារផ្សាយផ្ទាល់ (live stream) របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥។

ការផ្អាកនេះកើតឡើងបន្ទាប់ពី លោក Alexander Sabar មន្ត្រីនៅក្រសួងទូរគមនាគមន៍ និងឌីជីថល បានចេញសេចក្តីថ្លែងការណ៍ថា គណនីមួយចំនួនដែលមានទំនាក់ទំនងនឹង សកម្មភាពល្បែងអនឡាញ បានប្រើមុខងារផ្សាយផ្ទាល់របស់ TikTok ដើម្បីរកប្រាក់ចំណូល ខណៈដែលការតវ៉ាថ្នាក់ជាតិបានផ្ទុះឡើងកាលពីចុងខែសីហាដល់ខែកញ្ញា។ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានស្នើសុំទិន្នន័យស្តីពីចរាចរណ៍ ការផ្សាយផ្ទាល់ និងការរកប្រាក់ចំណូលពីក្រុមហ៊ុន TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance របស់ចិន ដើម្បីត្រួតពិនិត្យ។
ទោះជាយ៉ាងណា លោក Sabar បានបញ្ជាក់ថា ក្រុមហ៊ុន«គ្រាន់តែផ្តល់ទិន្នន័យមួយផ្នែកប៉ុណ្ណោះ ដោយលើកឡើងពីនីតិវិធីផ្ទៃក្នុងរបស់ខ្លួន»។ លោកបានសង្កត់ធ្ងន់ថា៖«ដូច្នេះ ក្រសួងទូរគមនាគមន៍ និងឌីជីថលបានចាត់ទុក TikTok ថាបានបំពានកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាអ្នកផ្តល់សេវាអេឡិចត្រូនិកឯកជន» ស្របតាមបទប្បញ្ញត្តិដែលតម្រូវឲ្យក្រុមហ៊ុនដែលបានចុះឈ្មោះទាំងអស់ត្រូវប្រគល់ទិន្នន័យទៅរដ្ឋាភិបាល។
គួរជម្រាបថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ខ្លួននៅតែ «អាចចូលប្រើកម្មវិធីនេះបានជាធម្មតានៅថ្ងៃសុក្រ» ហើយនៅមិនទាន់ច្បាស់នោះទេថាតើការចូលប្រើ TikTok ទាំងមូលត្រូវបានបិទទាំងស្រុងឬអត់នោះទេ។ ក្រុមហ៊ុន TikTok ដែលមានគណនីជាង ១០០ លាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះទេ៕