Savinho និង Bentancur ព្រមព្រៀងបន្តកិច្ចសន្យាថ្មីរៀងៗខ្លួននៅក្លឹប City និង Spurs
04-10-2025 09:40
(ឡុងដ៍)៖ ខ្សែបម្រើស្លាប Savinho បានបន្លាយកិច្ចសន្យាថ្មីរយៈពេល ២ឆ្នាំបន្ថែមទៀតជាមួយមេឃខៀវ Manchester City ស្របពេលខ្សែបម្រើដូចគ្នា Rodrigo Bentancur បានបន្តរួមរស់ជាមួយ Tottenham Hotspur ដែលពុំបានបញ្ជាក់ពីរយៈពេលឡើយ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិប្រេស៊ីល វ័យ ២១ឆ្នាំ Savinho ពុំទាន់ឈ្នះពានធំណាមួយឡើយជាមួយ City ដែលបច្ចុប្បន្នបានកំពុងលេងក្នុងរដូវកាលទី២ របស់លោកនៅ Etihad ក្នុងនាមកីឡាករតម្លៃ ៣០.៨លានផោនពីក្លឹប Troyes ក្នុងឆ្នាំ២០២៤។
Savinho ចូលលេងបាន ៥៤លើក និងស៊ុតបាន ៤គ្រាប់សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Pep Guardiola ដោយបានរួមបញ្ជូនបាល់បាន ១២គ្រាប់ទៀតផង។
ចំណែកឯ Bentancur ដែលចូលលេងបាន ៧២ប្រកួតសម្រាប់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយផងនោះ ក៏បានចូលលេង ១២២ប្រកួតជាមួយមាន់ខ្នាយមាស Spurs គិតចាប់តាំងផ្ទេរចេញពី Juventus ក្នុងឆ្នាំ២០២២ មក។
កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានរួមចំណែកបញ្ចប់ការទន្ទឹងរង់ចាំពានរបស់ Spurs ក្នុងរយៈពេល ១៧ឆ្នាំ តាមរយៈផ្តួលបិសាចក្រហម Manchester United ១ទល់នឹង០ ដើម្បីលើកពាន UEFA Europa League រដូវកាលមុន៕