បន្ទាប់ពីជោគជ័យវគ្គទី១ ភាពយន្តខ្នាតធំរឿង «កំណើតអរូប» របស់ផលិតកម្ម «Wonder Film» ចាប់ផ្ដើមចេញថតវគ្គទី២ និងកាន់តែប្លែកជាងមុន
04-10-2025 15:47
(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង «កំណើតអរូប» របស់ផលិតកម្ម «Wonder Film» ដែលជាប្រភេទរឿងដែលឆ្លុះបញ្ចាំង ពីផ្នត់គំនិតបែបវិទ្យសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿ បែបខ្មោចព្រាយបិសាច ព្រឺព្រួច មន្តអាគម ភ័យរន្ធត់ ពិធីសាសនាធំទាំង៣រួមគ្នា និងប្រពៃណី វប្បធម៌ខ្មែរ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់បញ្ចាំងទាំងក្នុង និងក្រៅប្រទេសរួចមក នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ ផលិតកម្មបានរៀបចំពិធីក្រុងពាលីចេញថតវគ្គទី២ បន្ថែមទៀត ហើយត្រូវបានផលិតករអះអាងថា នឹងកាន់តែប្លែកអស្ចារ្យជាងវគ្គទី១។ ពិធីក្រុងពាលីរឿងខ្នាតធំកម្រិតខ្ពស់នេះ គឺមានការអញ្ជើញចូលរួមដោយតារាល្បីៗទាំងជនជាតិខ្មែរ និងតារាបរទេស, ផលិតករ និងក្រុមការងារជាច្រើននាក់។

អ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង លោក សែម វិសាល បានបញ្ជាក់ប្រាប់ Fresh News Plus ឲ្យដឹងថារឿង «កំណើតអរូប» វគ្គទី១ បានទទួលជោគជ័យក្នុងការដាក់បញ្ចាំងទាំងក្នុង និងក្រៅប្រទេស ជាពិសេសទីផ្សារអន្តជាតិមានការចាប់អារម្មណ៍ច្រើន ហើយក៏ជាភាពយន្តមួយដែលអាចផ្លាស់ប្តូរទស្សន: របស់ទស្សនិជនមកគាំទ្រខ្សែភាពយន្តខ្មែរកាន់តែច្រើន។ ភាពយន្តនេះនៅក្នុងវគ្គទី១ គឺគ្រប់ជនជាតិអាចទស្សនាបានពេលដាក់នៅលើផ្លែមហ្វម ពោលគឺមានទស្សនិកជនស្ទើរគ្រប់ប្រទេសចូលទស្សនា ហើយរហូតមកដល់ពេលនេះ ក៏នៅតែមានអ្នកចូលទស្សនាដែរ។
លោកបន្តថា ហេតុផលទាំងអស់នេះហើយ ដែលធ្វើឲ្យផលិតកម្ម «Wonder Film» ចាប់ផ្ដើមនិពន្ធវគ្គទី២ ដែលវគ្គនេះ គឺរិតតែប្លែកដោយមានការផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្មែរយើង ដ៏គួរឲ្យភ្ញាក់ផ្អើល ពោលគឺមិនមែនត្រឹមតែភាពយន្តរន្ធត់នោះទេ គឺនឹងមានអ្វីលើសពីភាពយន្ត ដើម្បីជាអត្ថប្រយោជន៍ដល់ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។ ចំណុចពិសេសនៅក្នុងវគ្គទី១ គឺយើងលើកយកពីបរិបទរស់នៅរបស់គ្រួសារមួយ ដូច្នេះក្នុងវគ្គទី២នេះ យើងត្រូវតែមានអ្វីពិសេសជាងហ្នឹងច្រើន ហើយឆ្លងកាត់ការគិតគូយ៉ាងម៉ត់ចត់ពីគ្រប់ផ្នែកពាក់ព័ន្ធ ទាំងបច្ចេកទេស តួសម្ដែង ជាពិសេសការតាក់តែងនិពន្ធ គឺយើងនឹងមានអ្វីច្រើនលើកពីការរំពឹងទុក ពេលទស្សនិកជនទស្សនា។
ចាងហ្វាងផលិតកម្ម វ័នឌើរ ហ្វីម អេនធើធេនម៉ិន (Wonder Film Entertainment) និងជាអ្នកដឹកនាំសម្ដែងរូបនេះ បានបន្ថែមថា ភាពយន្តកំណើតអរូបវគ្គទី២នេះ មិនមែនត្រឹមតែជាភាពន្ត បែបខ្មោចព្រាយបិសាចភ័យរន្ធត់ប៉ុណ្ណោះទេ គឺមានអ្វីៗលើសពីនេះច្រើនណាស់ ដែលឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ប្រវត្តិសាស្ត្រ ប្រវត្តិវប្បធម៌ មន្តអាគម និងការរស់នៅក្នុងសម័យកាលមួយ ដែលប្លែក និងនឹកស្មានមិនដល់។ ចំពោះក្ដីរំពឹងនៅក្នុងវគ្គទី២នេះ លោកពិតជាមានសង្ឃឹមខ្ពស់ជាងមុន ព្រោះលោកបានចំណាយពេលវេលាក្នុងការរៀបចំច្រើន ទាំងការសរសេរ ការងារបច្ចេកទេស ជាពិសេសតារាសម្ដែងដែលមានទាំងតួខ្មែរ និងតួបរទេសចូលរួមសម្ដែង ហើយបានសម្រិតសម្រាំងបានយ៉ាងល្អ។ លោកបង្ហើបថា ចំណុចមួយទៀត គឺការបណ្ដាក់ទុនផលិតក្នុងវគ្កទី២នេះ ក៏ច្រើនជាងមុនដែរ។
អ្នកនិពន្ធ និងដឹកនាំរឿងដែលមានបានបញ្ចប់ការសិក្សា ដឹកនាំរឿងមកពីក្រៅប្រទេស និងបញ្ចាប់ថ្នាក់បណ្ឌិតវេជ្ជសាស្ត្រលោក សែម វិសាល បានបន្តថា រឿង «កំណើតអរូបវគ្គ២» បានចំណាយរយៈពេលក្នុងការផលិត ៣ខែ នឹងបានគិតគូសម្រិតសម្រាំងគុណភាព ខ្លឹមសាររឿង បច្ចេកទេស រូបភាព សំឡេង ហើយភាពយន្តនេះ គឺផលិតដោយក្រុមការងារជនជាតិខ្មែរ១០០ភាគរយ ហើយនឹងក្លាយជាផ្នែកមួយ ដែលបានបង្ហាញពីការអភិវឌ្ឍលើវិស័យភាពយន្តខ្មែរ និងចូលរួមក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ វិស័យទេសចរណ៍របស់កម្ពុជា និងជាច្រកនាំភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ប្រកបដោយគុណភាព៕