ជើងឯកវ៉ូវីណាមថ្នាក់ជាតិ ឆ្នាំ២០២៥ ជោគជ័យ ទាំងការចូលរួម និងបច្ចេកទេស
05-10-2025 10:51
(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ និងពានរង្វាន់ ហាច ធិច ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការចូលរួម និងបច្ចេកទេស ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២-៤ ខែតុលា នៅសាលដំបូងទូល នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

យោងតាមរបាយការណ៍លោក លី ចាន់សុភក្ដី អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានបណ្ដាក្លិប នៃក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តចំនួន ១១ ចូលរួម ដែលមានប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ១២៧នាក់ ដែលមានការកើនឡើងច្រើន បើធៀបឆ្នាំមុន ពោលគឺកើនឡើង ៥ក្លិប ស្មើនឹងកីឡាករ-កីឡាការិនីចំនួន ៤២នាក់។ នេះគឺជាជោគជ័យថ្មីមួយ នៃការចូលរួម ពិសេសថ្នាលវ័យក្មេង ដែលជាទិសដៅជំរុញធនធានបន្ដវេនរបស់សហព័ន្ធ។
ទន្ទឹមជាមួយការប្រកួតប្រជែងដ៏ធំប្រចាំឆ្នាំនេះដែរ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលបច្ចេកទេសរបស់កីឡាករ-កីឡាការិនី ដែលបានបង្ហាញនូវចំណុចវិជ្ជមាន ឆ្ពោះទៅថ្ងៃអនាគត ហើយក៏ជាវេទិការមួយដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា ដែលកម្ពុជាត្រៀមបញ្ជូនទៅចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១-៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។
បន្ថែមលើនេះ លោកក៏បានកោតសរសើរ ចំពោះសមត្ថភាពរបស់កីឡាករ-កីឡាការិនីថ្នាល វ័យចាប់ពី ៧ឆ្នាំឡើង ដែលសហព័ន្ធបានបញ្ជ្រាបក្នុងការប្រកួតថ្នាក់ជាតិលើកដំបូង ដែលបានបង្ហាញនូវសមត្ថភាព បច្ចេកទេស និងទេពកោសល្យបានយ៉ាងល្អ ហើយក៏ជាក្ដីសង្ឃឹមសម្រាប់ជាទំពាំងដែលមានគុណភាពត្រូវស្នងឬស្សី និងស្នងពីរាមច្បង ក្នុងដំណើរក្លាយជាកីឡាករ-កីឡាការិនីជម្រើសជាតិនាពេលអនាគត។ លោកក៏បានអរគុណគ្រប់បណ្ដាក្លិប ដែលបានខិតខំបណ្ដុះបណ្ដាលធនធានបន្ដវេនទាំងអស់ផងដែរ។
ឆ្លើយតបជាមួយភាពជោគជ័យនៃការប្រកួតជើងឯកថ្នាក់ជាតិខាងលើ លោក ម៉ុង លឹមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធ បានផ្ដល់អនុសាសន៍មួយចំនួន ក្នុងការពង្រឹងក្រុមជម្រើសជាតិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការបណ្ដុះបណ្ដាល ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី ក៏ដូចជាការស្វែងរកការឧបត្ថម្ភគាំទ្រ ដើម្បីជំរុញឲ្យមានការប្រកួតប្រជែង និងអភិវឌ្ឍន៍វិស័យកីឡាវ៉ូវីណាមកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។
គួរដឹងថា ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ រយៈពេល ៥ថ្ងៃ គឺក្រុមកីឡាវ៉ូវីណាម ក្រសួងការពារជាតិដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៥គ្រឿង (មាស ៩ ប្រាក់ ៥ និងសំរឹទ្ធ ១) ក្រសួងមហាផ្ទៃ ឈរលេខ២ ឈ្នះមេដាយសរុប ១៨គ្រឿង (មាស ៨ ប្រាក់ ៧ និងសំរឹទ្ធ ៣), ខេត្តសៀមរាប ឈរលេខ៣ ឈ្នះមេដាយសរុប ១១គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ៥) និងក្លិបកីឡាវ៉ូវីណាម សែនសុខ ឈរលេខ៤ ឈ្នះមេដាយសរុប ៧គ្រឿង (មាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ១)៕