Hojlund អតីតកីឡាករបិសាចក្រហម ស៊ុតគ្រាប់ជ័យជម្នះបញ្ជូន Napoli ឡើងឈរកំពូលតារាង Serie A
06-10-2025 09:51
(បរទេស)៖ ខ្សែប្រយុទ្ធដាណឺម៉ាក Rasmus Hojlund ដែលទើបផ្ទេរចេញពីក្លឹប Manchester United រដូវកាលថ្មីនេះ ជាអ្នកស៊ុតគ្រាប់ជ័យជម្នះ ២-១ សម្រាប់ក្រុមការពារតំណែងជើងឯក Napoli ទៅលើ Genoa ដើម្បីឡើងឈរកំពូលតារាង Serie A វិញ។

Hojlund រកបាន ៣គ្រាប់មកហើយ ក្នុងចំណោម ២ប្រកួតចុងក្រោយជាមួយក្រុមពពកស Napoli ដែលស្ថិតក្រោមការដឹកនាំដោយលោក Antonio Conte ថែមទៀតផង។
ពួកគេបានវាយបក នៅពេលក្រុមលេងមិនទាន់ឈ្នះ Genoa បានបើកការនាំមុខ ១គ្រាប់មុននៅចុងវគ្គទី១ នៅកីឡដ្ឋាន Stadio Diego Armando Maradona។
តាមរយៈជ័យជម្នះ ៣ពិន្ទុក្នុងផ្ទះនេះដែរ បានញាំងឱ្យ Napoli វិលទៅកាន់កំពូលតារាងលីគ Serie A ២០២៥-២៦ ជាបណ្តោះអាសន្ន ដោយមាន ១៥ពិន្ទុស្មើនឹងក្រុមលេខ២ AS Roma ក៏ប៉ុន្តែខុសគ្នាគ្រាប់បាល់ចំណេញ ស្របពេល Genoa របស់លោក Patrick Vieira កំពុងស្ថិតនៅតំបន់កាត់ចោល ដោយដាច់ ២ពិន្ទុតំបន់មានសុវត្ថិភាព ក្រោយលេងមិនឈ្នះសោះ ក្នុងចំណោម ៦ប្រកួតក្នុងលីគមកនេះ៕