Odegaard នឹងអវត្តមានពីជម្រើសជាតិន័រវេស លេងមិត្តភាព និងជម្រុះ WC26 ដ្បិតរបួសជង្គង់
06-10-2025 10:33
(ឡុងដ៍)៖ ប្រធានក្រុមកាំភ្លើងធំ Arsenal គឺ Martin Odegaard នឹងខកខានលេង ២ប្រកួតជាមួយជម្រើសជាតិប្រចាំខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីរងរបួសជង្គង់ខាងឆ្វេង នៃជំនួបទល់នឹងញញួរធំ West Ham United នៅ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា កីឡាករវ័យ ២៦ឆ្នាំរូបនេះ នឹងអវត្តមានពេលន័រវេសលេងជម្រុះ World Cup 2026 ទល់នឹងអ៉ីស្រាអែល នាថ្ងៃទី១១ ខែតុលា មុនពេល ៣ថ្ងៃបន្ទាប់ប៉ះក្រុមមកពីទ្វីបអូសេអានី ណូវែលហ្សេឡង់ ក្នុងមិត្តភាពអន្តរជាតិ។
Odegaard នឹងបន្តនៅក្នុងក្លឹប Arsenal ដដែល ដើម្បីធ្វើការព្យាបាលរបួស ដោយមិនកំណត់រយៈពេលឡើយ។
ក្នុងជំនួបទល់នឹង West Ham រូបគេត្រូវបានប្តូរចេញនៅនាទី៣០ នៅពេលលោក Mikel Arteta អ្នកចាត់ការទូទៅ Arsenal បានពិព័រណ៌នាថា «មានបញ្ហារបួសជង្គង់» ដោយបានប៉ះទង្គិចគ្នាជាមួយខ្សែប្រយុទ្ធ Crysencio Summerville។
គួររំលឹកផងថា Odegaard ក៏ត្រូវបានប្តូរចេញលឿនផងដែរ ក្នុងជ័យជម្នះរបស់ Arsenal ទៅលើគូប្រជែង Leeds និង Nottingham បន្ទាប់ពីជួបបញ្ហារបួសស្មាតិចតួចរួចមក៕