ទីប្រឹក្សា NOCC ចាត់ទុកគ្រូបង្វឹក គឺជាបន្ទាត់តម្រង់ផ្លូវដ៏សំខាន់សម្រាប់កីឡាករ-កីឡាការិនី
06-10-2025 10:45
(ភ្នំពេញ)៖ លោក ណយ ផាណា ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចាត់ទុកគ្រូបង្វឹក គឺជាបន្ទាត់សម្រាប់តម្រង់ផ្លូវដ៏សំខាន់ ដែលត្រូវការចំណេះដឹង និងជំនាញច្បាស់លាស់ សម្រាប់ចែករំលែក និងបណ្ដុះបណ្ដាលដល់កីឡាករ-កីឡាការិនី ឆ្ពោះទៅរកការអភិវឌ្ឍ និងរីកចម្រើន ក្នុងការចូលរួមប្រកួតប្រជែង ទាំងលើឆាកជាតិ និងអន្ដរជាតិនានា។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកបានចូលរួមពិធីបិទវគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិត១ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធាន NOCC កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅ ក្រោយដំណើរការសិក្សារយៈពេល ៥ថ្ងៃ ដែលបង្រៀនដោយគ្រូឧទ្ទេសជាជំនាញការមកពីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអន្ដរជាតិ រួមមានលោក Lozada Antony ជនជាតិហ្វីលីពីន និងលោកស្រី Pham Thuy Vi ជាជនជាតិវៀតណាម។
លោកបានវាយតម្លៃខ្ពស់ ចំពោះវគ្គបណ្ដុះបណ្ដាលនេះ ទោះបីមានរយៈពេលខ្លី តែផ្អែកលើការសិក្សា ទាំងទ្រឹស្ដី និងការអនុវត្តផ្ទាល់ លោកសង្ឃឹមថា នឹងធ្វើឲ្យសិក្ខាកាមចូលរួមទាំងអស់ បានយល់ច្បាស់ពីគុណតម្លៃនៃគ្រូបង្វឹក ដែលជាបុគ្គលដ៏សំខាន់ ប្រៀបបាននឹងបន្ទាត់ សម្រាប់តម្រង់ផ្លូវកីឡាករ-កីឡាការិនី ដ្បិតបើបន្ទាត់វៀច នោះការចែករំលែកចំណេះដឹង និងជំនាញ ក៏អាចវៀចតាមហ្នឹងដែរ។
ដូច្នេះក្រោយបញ្ចប់ការសិក្សាជាមួយជំនាញការអន្ដរជាតិខាងលើ លោកសង្ឃឹមថា សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ នឹងយល់កាន់តែច្បាស់ពីតួនាទីជាគ្រូបង្វឹក ហើយបន្ដការសិក្សាស្រាវជ្រាវឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីដុសខាតសមត្ថភាព និងជំនាញរបស់ខ្លួនឲ្យកាន់តែខ្ពស់ ហើយយកចំណេះដឹងទាំងអស់នោះ ទៅចែករំលែក និងបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីរបស់ខ្លួន ឲ្យមានគុណភាពកាន់តែប្រសើរ សម្រាប់ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីអាត្លុងកម្ពុជា បានឲ្យដឹងថា វគ្គនេះ ខុសប្លែកពីវគ្គមុនៗ ដោយសារតែមានគ្រូឧទ្ទេសកម្រិតអន្ដរជាតិមកបង្រៀនដោយផ្ទាល់ ដែលជាឱកាសសម្រាប់សិក្ខាកាមគ្រប់រូបសិក្សារៀនសូត្រនូវចំណេះដឹងថ្មីៗ អំពីក្បួនច្បាប់អន្ដរជាតិ ធ្វើជាទុនក្នុងការចំណែកបណ្ដុះបណ្ដាលធនធានមនុស្សឆ្ពោះទៅរកការអភិវឌ្ឍ និងពង្រីកសក្ដានុពលកីឡាទ្រីយ៉ាត្លុងក្នុងប្រទេសកម្ពុជា ពិសេសគឺការបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនីវ័យក្មេង សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ តែម្ដង។
ក្នុងពិធីបិទវគ្គនោះដែរ លោក Anthony Lozada និងអ្នកស្រី Pham Thuy Vi ក៏បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក ដែលជាសិក្ខាកាមទាំងអស់ ក្នុងការសិក្សា និងការបំពេញនូវមេរៀនផ្សេងៗយ៉ាងច្រើន ព្រមទាំងបានបង្ហាញនូវការសហការគ្នាយ៉ាងល្អ ទោះបីវគ្គនេះ មានការចូលរួមពីសិក្ខាកាមជាជនជាតិវៀតណាម ៥រូបក៏ដោយ ។ ជាលទ្ធផលនៃការសិក្សា មានសិក្ខាកាមទទួលបាននិទ្ទេសល្អ ៧០% មធ្យម ២០% និងខ្សោយ ១០%