Jeff Bezos៖ «កន្លែងរក្សាទុកទិន្នន័យនៅលើអវកាសអាចនឹងមានក្នុង ១០-២០ ឆ្នាំខាងមុខ»
06-10-2025 11:42
(បរទេស)៖ តើកន្លែងរក្សាទិន្នន័យនៅលើទីអវកាសអាចកើតមានបានមែនទេ? លោក Jeff Bezos អ្នកបង្កើត Amazon និងក្រុមហ៊ុនអវកាស Blue Origin បាននិយាយថា វាអាចក្លាយជាការពិតក្នុងរយៈពេល ១០ ដល់ ២០ ឆ្នាំខាងមុខ។

លោក Jeff Bezos បានបញ្ចេញមតិខាងលើនេះក្នុងព្រឹត្តិការណ៍ «Italian Tech Week» ដោយបញ្ជាក់ថាកន្លែងរក្សាទិន្នន័យក្នុងអវកាសអាចប្រើថាមពលព្រះអាទិត្យ ២៤ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានការរាំងខ្ទប់ពីពពក ឬអាកាសធាតុ។ នេះអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងធនធានបរិស្ថានដូចជាតំបន់នៅលើផែនដី និងទឹកសម្រាប់ត្រជាក់ម៉ាស៊ីន។ លោកបន្ថែមថា កន្លែងទាំងនេះអាចទៅដល់កម្រិតថាមពលជាច្រើន Gigawatts នៅក្នុងអវកាស ហើយអាចសម្រួលបញ្ហាស្តុកទិន្នន័យដែលកំពុងកើនឡើងដោយសារការអភិវឌ្ឍន៍ AI និង Cloud Computing។
ការសិក្សាមួយនៅអឺរ៉ុបឈ្មោះ ASCEND (ដោយក្រុមហ៊ុន Thales Alenia Space និង HPE) បានបង្ហាញថា Data Centres នៅក្នុងអវកាសអាចប្រើប្រាស់ធនធានតិចជាងគេនៅផែនដី ហើយប្រសើរជាងនៅផែនដីក្នុងពេលអនាគត ប្រសិនបើបច្ចេកវិទ្យាឡើងខ្ពស់និងថ្លៃដឹកជញ្ជូនបន្ថយ។ លោក Jeff Bezos មានចក្ខុវិស័យអំពីបច្ចេកវិទ្យាដែលអាចផ្លាស់ប្ដូរបែបផែននៃការរក្សាទិន្នន័យ។ ទោះបីជាបច្ចុប្បន្ន វាស្តាប់ទៅហាក់នៅឆ្ងាយក៏ពិតមែន ក៏វាអាចក្លាយជាការពិត បើការរីកចម្រើននៃបច្ចេកវិទ្យាអវកាស និង AI បន្តកើនឡើង៕