ជំពូកថ្មីរបស់ធនាគារ «ជីប ម៉ុង» ក្នុងការពង្រីកបណ្តាញទូទាត់ឌីជីថល សហការជាមួយ «ឃេស អ៊ិននើវេសិន ម.ក»
06-10-2025 14:14
(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក បានប្រកាសជាផ្លូវការនូវកិច្ចសហការ តាមរយៈពិធីចុះអនុស្សរណៈនៃការយោគយល់ ស្តីពីភាពជាដៃគូទូទាត់ប្រព័ន្ធ
ឌីជីថល ងាយស្រួល និងទូលំទូលាយ។ អនុស្សរណៈនៃការយោគយល់នេះត្រូវបានចុះហត្ថលេខាដោយអ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង និងលោក ប៉េះ គឹមស្រ៊ាន អគ្គនាយក ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក និងប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង។

គោលបំណងនៃភាពជាដៃគូទូទាត់ឌីជីថលនេះ គឺដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ឌីជីថល ដែលមានភាពងាយស្រួល បត់បែន នៅពេលអតិថិជនមានតម្រូវការទូទាត់សេវាសាធារណៈ ទៅកាន់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងមហាផ្ទៃ ឬអង្គភាពច្រកចេញចូលតែមួយ គ្រប់ខេត្ត-ក្រុង។ ការសហការនេះ នឹងជំរុញឲ្យការទូទាត់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ជាពិសេសចំណេញពេលវេលាជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់។
ធនាគារ ជីប ម៉ុង គឺជាធនាគារដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងតែងតែចាត់ទុកបទពិសោធន៍ របស់អតិថិជនជាអាទិភាពចម្បង និងបានខិតខំស្វែងរកនូវបច្ចេកវិទ្យាឌីជីថលទំនើបៗ ដើម្បីផ្តល់សេវា និងដំណោះស្រាយហិរញ្ញវត្ថុ កាន់តែឆ្លាតវៃ និងមានសុវត្ថិភាពសម្រាប់អតិថិជន។ នេះជាចក្ខុវិស័យមួយ ក្នុងការជួយឱ្យអតិថិជនមានជីវិតកាន់តែងាយស្រួល និងចំណេញពេលវេលាតាមរយៈសេវាហិរញ្ញវត្ថុរបស់ធនាគារ ជីប ម៉ុង។
អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា «ថ្ងៃនេះជាការចាប់ផ្តើមនៃកិច្ចសហការដ៏សំខាន់ ដែលនឹងបើកទ្វារថ្មី សម្រាប់ស្ថាប័នរបស់យើងទាំងពីរ។ ភាពជាដៃគូនេះ នឹងចាប់ផ្តើមជំពូកថ្មីក្នុងការពង្រីក បណ្តាញទូទាត់ឌីជីថលរបស់យើង ធ្វើឱ្យការទូទាត់កាន់តែលឿន ងាយស្រួល និងអាចចូលប្រើប្រាស់បានគ្រប់ពេលវេលាសម្រាប់ប្រជាជនខ្មែរ។ ខ្ញុំជឿជាក់ថា ការសហការនេះ មិនត្រឹមតែជួយសម្រួលដល់អតិថិជនរបស់ ធនាគារ ជីប ម៉ុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញ ដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងបង្កើនភាពទូលំទូលាយដល់ប្រព័ន្ធសេវាសាធារណៈរបស់ប្រទេសកម្ពុជា ទាំងមូល»។
ជាមួយគ្នានេះផងដែរ លោក ប៉េះ គឹមស្រ៊ាន អគ្គនាយក ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក ក៏បានមានប្រសាសន៍ថា «យើងកំពុងរួមបញ្ចូលជំនាញរបស់ ឃេស អ៊ិននើវេសិន ក្នុងប្រព័ន្ធបច្ចេកវិទ្យាបង់ប្រាក់ និងការបញ្ចូលប្រព័ន្ធជាមួយនឹងកម្លាំងហិរញ្ញវត្ថុ និងបណ្តាញអតិថិជនរបស់ធនាគារ ជីប ម៉ុង។ យើងជឿជាក់ថា កិច្ចសហការនេះនឹង ធ្វើឲ្យការទូទាត់ប្រាក់ងាយស្រួល មានសុវត្ថិភាព និងមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា»។
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន ប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ ធនាគារ ជីប ម៉ុង ផ្តោតយកចិត្តទុកដាក់ខ្លាំងលើបទពិសោធន៍ប្រើប្រាស់របស់អតិថិជន ដោយតែងតែស្វែងរកប្រព័ន្ធឌីជីថលឥតឈប់ឈរ ក្នុងការផ្តល់នូវដំណោះស្រាយទូទាត់ងាយស្រួល មានភាពរហ័ស និងមានសុវត្ថិភាព ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន។ ក្នុងនាមជាធនាគារខ្មែរ ធនាគារ ជីប ម៉ុង ប្តេជ្ញាផ្ដល់ជូននូវសេវាធនាគារ ដែលងាយស្រួលប្រើប្រាស់ ផ្តល់ផលចំណេញ ជាពិសេសសុវត្ថិភាព ជូនទៅដល់អតិថិជន និងដៃគូអាជីវកម្មទាំងអស់ទូទាំងប្រទេស ដើម្បីឆ្ពោះទៅរកភាពជោគជ័យ រីកចម្រើនយូរអង្វែងទៅមុខទាំងអស់គ្នា។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន ២៤ម៉ោង៖ ០៨១ ៨១១ ៩១១ ឬ ០៦៦ ៨១១ ៩១១0៕