អាចទេ! ក្រុមបាល់ទាត់ ISI ក្លាយជាក្រុមលេងតំណាងខេត្តកណ្ដាល នាថ្ងៃអនាគត?
06-10-2025 15:05
(ភ្នំពេញ)៖ ថ្មីៗនេះ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ទើបបានប្រកាសបើកការដ្ឋានសាងសង់ទីលានហ្វឹកហាត់ថ្មី លើទឹកដីស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលបង្កឲ្យមានការចាប់អារម្មណ៍ និងចម្ងល់ សូម្បីប្រធានក្លិបផ្ទាល់ ដោយលើកឡើងថា តើអាចទេ ក្រុមសមាជិកលីគកំពូលកម្ពុជាមួយនេះ អាចក្លាយជាក្រុមលេងតំណាងខេត្តកណ្ដាល នាថ្ងៃអនាគត?

ពាក់ព័ន្ធនឹងចម្ងល់ដ៏រសើបនេះ លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ បានបង្ហើបឲ្យអ្នកគាំទ្រ(Fan) កាន់តែផ្ទុះចម្ងល់ ដ្បិតពីមុនលោកក៏ធ្លាប់គិតថា ISI គួរលេងតំណាងខេត្តណាមួយ។ ដូច្នេះស្របពេលក្លិប បាននឹងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី លើទឹកដីខេត្តកណ្ដាល បែបនេះ ក៏ជារឿងមួយ ដែលអាចមានការកែប្រួល ឈានទៅរកការផ្លាស់ប្ដូរពីការលេងតំណាងខណ្ឌ(ខណ្ឌដង្កោ) ទៅលេងតំណាងខេត្តផងដែរ។
លោកបន្ដថា «តាមពិតនៅតំបន់ទី២ របស់យើង មានសក្ដានុពលច្រើន មានដីធំ ហើយយើងទៅទីនោះ ទៅជាខេត្តកណ្ដាល ។ ខ្ញុំគ្រាន់តែបង្ហើបលេងទេ ធ្វើឲ្យ Fan ចាប់អារម្មណ៍ តើអាចក្លាយជាក្លិប ISI Kandal នាថ្ងៃក្រោយក៏មិនទាន់ដឹងដែរ ព្រោះ ISI ដង្កោសែនជ័យ ឈ្មោះក៏ពិរោះដែរ តែយើងតំណាងឲ្យខណ្ឌ ។ ពេលខ្លះ Fan គាត់អត់អាចចាំបាន តែបើលេងតំណាងឲ្យខេត្ត ប្រហែលជាម្យ៉ាងដែរ»។
«ប៉ុន្ដែបើយើងនៅកន្លែងបច្ចុប្បន្ន យើងអាចហ្វឹកហាត់នៅទីនោះ(ទីលានហ្វឹកហាត់ថ្មី) ហើយមកលេងនៅទីនេះ(កីឡដ្ឋាន អេអាយអេ ខេអឹមអេច ផាក) ហើយអាចហៅខ្លួនឯងថា ISI Kandal ក៏អាចថាបាន ឲ្យតែមានអ្នកគាំទ្រច្រើន ឬក៏ហៅ Kandal Dongkor Senchey ក៏អាចថាបាន»។ ចឹងជាចំណីអារម្មណ៍សម្រាប់ Fan យកទៅវិភាគសិន»។ នេះបើតាមការពន្លយបន្ថែមរបស់ប្រធានក្លិបខាងលើ ខណៈការសម្រេចបែបនេះ លោកមិនទាន់បញ្ចាក់ច្បាស់នោះទេ។
សូមបញ្ជាក់ថា ការបង្ហើបព័ត៌មានដ៏រសើបខាងលើនេះ ស្របពេលក្លិប ISI ដង្កោសែនជ័យ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនដៃចំនួន ២ ដែលបន្ដកិច្ចសហការសាងសង់ទីលានហ្វឹកហាត់ថ្មីរបស់ក្លិប រួមមានក្រុមហ៊ុន ISI Park ដែលបានចូលរួមឧបត្ថម្ភតាមរយៈការផ្ដល់ទីតាំង(ដី) និងក្រុមហ៊ុន ISI Building Solutions ដែលនឹងផ្ដល់គ្រោងដែក សម្រាប់សាងសង់អាគារ នៅទីលានហ្វឹកហាត់ថ្មីរបស់ក្លិប ស្ថិតនៅតំបន់អភិវឌ្ឍន៍ ISI PARK II ផ្លូវជាតិលេខ២ ភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្ដកណ្ដាល។
តាមការបញ្ជាក់របស់លោក កាំង សេន ក្លិបគ្រោងសាងសង់ទីលានចំនួន ៣ និងកន្លែងហ្វឹកហាត់កាយសម្បទាស្ដង់ដារមួយ ដើម្បីពង្រឹងការហ្វឹកហាត់ស្ដង់ដារដល់កីឡាករ សម្រាប់ត្រៀមការប្រកួតប្រជែង ។ ហើយអនាគត បើមានលទ្ធភាព ក្លិបក៏នឹងបន្ដពង្រីកកន្លែងស្នាក់នៅសម្រាប់យុវជន ក្នុងការហ្វឹកហាត់ និងស្នាក់នៅហូបចុកនៅទីនោះផងដែរ។ មិនតែប៉ុណ្ណោះ ក្លិបក៏មានចក្ខុវិស័យប្លែកក្លាយតំបន់នោះ ទៅជាសហគមន៍មួយដ៏រីករាយ តាមរយៈសកម្មភាពកីឡាបាល់ទាត់នេះផងដែរ៕