Foxconn បំបែកកំណត់ត្រាចំណូលត្រីមាសទី៣ ដោយសារ AI ជួយជ្រោមជ្រែង

06-10-2025 15:39

(បរទេស)៖ ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតាមកិច្ចសន្យាដ៏ធំបំផុតលើពិភពលោក និងជាក្រុមហ៊ុនដំឡើង iPhone ដ៏ធំរបស់ Apple បានរាយការណ៍ថា ចំណូលត្រីមាសទីបី របស់ខ្លួនបានឈានដល់កម្រិតកំណត់ត្រាថ្មីមួយ ដោយសារតែតម្រូវការផលិតផល បញ្ញាសិប្បនិម្មិត (AI) ដ៏ខ្លាំងក្លា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍បានឱ្យដឹងថា ចំណូលសរុប របស់ Foxconn បានកើនឡើង ១១% ធៀបនឹងឆ្នាំមុន ដល់ ២,០៥៧ ទ្រីលានដុល្លារតៃវ៉ាន់ (ប្រហែល ៦៧,៧១ ពាន់លានដុល្លារ )។ ទោះបីជាតួលេខនេះនៅតែទាបជាងការព្យាករណ៍ទីផ្សារ (LSEG SmartEstimate) ក៏ដោយ ក៏ក្រុមហ៊ុន Foxconn បានអះអាងថា លទ្ធផលនេះគឺ «ប្រសើរជាងការរំពឹងទុក»។

កត្តានៃការកើនឡើងចំណូលនេះបានមកពីកម្លាំង AI ផ្ទាល់តែម្ដង ជាពិសេសសម្រាប់ការផលិត Server AI ខណៈដែលផ្នែក គ្រឿងអេឡិចត្រូនិកឆ្លាតវៃសម្រាប់អ្នកប្រើប្រាស់ (រួមទាំង iPhone) បានជួបប្រទះការធ្លាក់ចុះចំណូលបន្តិច ដោយសាររងផលប៉ះពាល់ពី អត្រាប្តូរប្រាក់។ ទោះជាយ៉ាងនេះក្តី Foxconn ក៏បានប្រកាសពីកំណត់ត្រាថ្មីសម្រាប់ខែកញ្ញាផងដែរ ដោយចំណូលបានកើនឡើង ១៤,២% ឯណោះ។

ក្រុមហ៊ុន Foxconn គ្រោងនឹងរាយការណ៍ពីចំណូលពេញលេញសម្រាប់ត្រីមាសទីបី នៅថ្ងៃទី ១២ ខែវិច្ឆិកា ខាងមុខនេះ។ គួរបញ្ជាក់ថា ភាគហ៊ុន​របស់ Foxconn បាន​កើន​ឡើង ២៣% ក្នុង​ឆ្នាំ​នេះ ដែលមានដំណើរការល្អប្រសើរជាងទីផ្សារ​តៃវ៉ាន់​ទាំងមូល៕