UEFA ស្ទាក់ស្ទើរ ក្នុងការអនុញ្ញាតឱ្យមានការប្រកួតចំនួន ២លីគ នៅបរទេស

07-10-2025 10:17

(បរទេស)៖ លោក Aleksander Ceferin ប្រធានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប ហៅកាត់ថា UEFA បាននិយាយថា រូបលោកមានការស្ទាក់ស្ទើរក្នុងចិត្ត ពីការសម្រេចឱ្យការប្រកួតលីគចំនួន២ នៅក្រៅប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្លឹបលេងនៅក្របខណ្ឌ La Liga របស់អេស្ប៉ាញរួមមាន Villarreal និង FC Barcelona បច្ចុប្បន្ននេះ គឺនឹងត្រូវរៀបចំឱ្យប៉ះគ្នាក្នុងលីគនៅទីក្រុង Miami សហរដ្ឋអាមេរិកនាខែធ្នូ ឆ្នាំ២០២៥ ជាអ្វីដែលនឹងក្លាយជាប្រកួតលីគនៅអឺរ៉ុបលើកដំបូង ធ្វើឡើងនៅបរទេស។

ក្រោយមកទៀត នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ជំនួបមកពីក្របខណ្ឌ Serie A របស់អ៉ីតាលី រវាងក្រុម AC Milan និង Como នឹងធ្វើឡើងនៅទីក្រុង Perth ប្រទេសអូស្រ្តាលី។

ចំពោះសំណើនេះ UEFA មានភាពតប់ប្រមល់ជាខ្លាំង ក្នុងាការប្រឆាំងចំពោះគម្រោងការនេះ និងធ្វើការឯកភាពទាំងបង្ខំទៀតផង ដ្បិតគ្មានជម្រើសផងដែរ។

លោក Ceferin បានគូសបញ្ជាក់ថា «ការប្រកួតលីគ វាគួរតែត្រូវបានរៀបចំនៅក្នុងប្រទេសរបស់ខ្លួន ជាជាងរៀបចំនៅក្រៅប្រទេស ដែលអាចប៉ះពាល់ដល់ការធ្វើដំណើរ និងបាត់បង់អ្នកគាំទ្រទៀតនោះ»

ទន្ទឹមគ្នានោះដែរ ក្រុមអ្នកគាំទ្របាល់ទាត់នៅអឺរ៉ុប (FSE) ក៏បានហៅថា ការសម្រេចឱ្យមានការប្រកួតនៅបរទេស វាអាចជះឥទ្ធិពលមិនល្អដល់កីឡារយៈពេលយូរទៀត និងស្នើឱ្យចំណាត់ប្រឆាំងរឿងនេះទៀតនៅថ្ងៃអនាគត នៅពេលគម្រោងការយកប្រកួតលីគអឺរ៉ុបទៅប្រកួតក្រៅស្រុកនេះ ស្ថិតក្នុងគម្រោងការតាំងពីឆ្នាំ២០០៨ មក៕