Qualcomm ជាប់បណ្ដឹងជាប្រវត្តិសាស្ត្រ ជិត ៦៥០ លានដុល្លារ ក្រោយចោទថា បង្ខំឲ្យ Apple និង Samsung បង់ថ្លៃសិទ្ធិប៉ាតង់លើសកម្រិត
07-10-2025 12:46
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាមេរិក Qualcomm កំពុងប្រឈមមុខនឹងបណ្តឹងដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ដែលមានតម្លៃដល់ទៅ ៤៨០ លានផោន (ប្រហែល ៦៤៧ លានដុល្លារ)។ បណ្តឹងនេះត្រូវបានដាក់ដោយសមាគមការពារអ្នកប្រើប្រាស់អង់គ្លេសឈ្មោះ «Which?» ក្នុងនាមជាម្ចាស់ស្មាតហ្វូនប្រមាណ ២៩ លាននាក់ ដែលបានទិញទូរស័ព្ទ iPhone និង Samsung ចាប់តាំងពីឆ្នាំ ២០១៥ មក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។

ក្រុមដើមបណ្តឹងបានចោទប្រកាន់ថា Qualcomm បានរំលោភបំពានលើ តួនាទីត្រួតត្រាទីផ្សារ របស់ខ្លួន ដោយបង្ខំឱ្យក្រុមហ៊ុន Apple និង Samsung បង់ថ្លៃសិទ្ធិប៉ាតង់ (Royalties) លើសកម្រិត។ ពួកគេអះអាងថា Qualcomm មានគោលការណ៍ «គ្មានអាជ្ញាប័ណ្ណ គ្មានបន្ទះឈីប» ដែលបង្ខំក្រុមហ៊ុនផលិតឱ្យបង់ថ្លៃសិទ្ធិទាំងនេះ ទោះបីជាពួកគេមិនប្រើប្រាស់បន្ទះឈីបរបស់ Qualcomm នៅក្នុងឧបករណ៍ក៏ដោយ។
ទាក់ទិននឹងបញ្ហានេះ មេធាវីរបស់ក្រុម «Which?» បានចាត់ទុកការទាមទារនេះថាជា «ពន្ធឯកជនទូទាំងឧស្សាហកម្ម» ដែលបង្កើនប្រាក់ចំណេញរបស់ Qualcomm និងធ្វើឱ្យតម្លៃឧបករណ៍កើនឡើង។
ជាការឆ្លើយតប Qualcomm បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា បណ្តឹងនេះបានធ្វើឱ្យមានការយល់ច្រឡំ។ ក្រុមហ៊ុនអះអាងថា តម្រូវការរបស់ខ្លួនតម្រូវឱ្យក្រុមហ៊ុនផលិតត្រូវតែទទួលបានអាជ្ញាប័ណ្ណសម្រាប់ប៉ាតង់សំខាន់ៗរបស់ខ្លួន មុនពេលទិញបន្ទះឈីប។ ពួកគេក៏បានបញ្ជាក់ដែរថា Apple និង Samsung ជាក្រុមហ៊ុនធំៗដែលមាន «អំណាចទិញដ៏ធំធេង» ដែលមិនងាយរងការបង្ខិតបង្ខំនោះទេ។
គួរជម្រាបថា ករណីនេះកំពុងត្រូវបានកាត់ក្តីនៅតុលាការឧទ្ធរណ៍ផ្នែកប្រកួតប្រជែង (Competition Appeal Tribunal) នៅទីក្រុងឡុងដ៍។ គួររំលឹកផងដែរថា បណ្តឹងស្រដៀងគ្នានៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រឆាំងនឹង Qualcomm ជុំវិញបញ្ហានេះ កាលពីឆ្នាំ ២០២៣ ត្រូវបានច្រានចោលវិញ៕