សហព័ន្ធពិភពលោក គាំទ្រកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី ឆ្នាំ២០២៦

07-10-2025 12:52

(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បានគាំទ្រឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៦ ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កាលពីថ្មីៗ។

ប្រធានសហព័ន្ធខាងលើ បានឲ្យដឹងថា ក្រោយមានការស្នើសុំធ្វើម្ចាស់ផ្ទះពីសហព័ន្ធជាតិកម្ពុជា សហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បានរៀបចំកិច្ចប្រជុំមួយ ហើយក៏បានសម្រេចអនុញ្ញាតឲ្យកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី នាឆ្នាំ២០២៦។

យ៉ាងណាការឯកភាពនេះ គឺជាដំណឹងបឋម ដែលថ្នាក់ដឹកនាំសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក បានជូនដំណឹងមកកាន់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា តាមរយៈសារអេឡិចត្រូនិក ។ ដូច្នេះសហព័ន្ធ កំពុងរង់ចាំលិខិតផ្លូវការសិន ដើម្បីស្នើសុំគោលការណ៍ទៅកាន់អាជ្ញាធរកីឡាជាតិ ទាំងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពិសេសរាជរដ្ឋាភិបាល ដើម្បីអាចដំណើរការប្រកួតនេះទៅបាន។

ក្នុងនាមប្រធានសហព័ន្ធ លោក អ៊ូ រតនា បានចាត់ទុកនេះ គឺជាដំណឹងល្អមួយសម្រាប់សហព័ន្ធ ក៏ដូចជាកីឡាករ-កីឡាការិនីកម្ពុជា ដែលទទួលបានការគាំទ្រពីអន្ដរជាតិ ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិជាថ្មី ដ្បិតក្រៅពីកម្ពុជា ក៏មានប្រទេសមួយចំនួន បានស្នើសុំធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ឆ្នាំ២០២៦ ផងដែរ ជាក់ស្ដែងដូចជាប្រទេសអ៊ីរ៉ង់ជាដើម។ សហព័ន្ធបានត្រៀមខ្លួនរួចរាល់ ដើម្បីទទួលប្រតិភូ និងអត្តពលិកមកពីបណ្ដាប្រទេសនានា ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ី នាឆ្នាំក្រោយ។

គួរដឹងថា កីឡាវ៉ូវីណាម គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយរបស់កម្ពុជា ដែលធ្លាប់បានចូលរួម និងដណ្ដើមបានមេដាយជាច្រើនជូនជាតិមាតុភូមិ ។ មិនតែប៉ុណ្ណោះ សហព័ន្ធក៏ធ្លាប់ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោកផងដែរ ។ អ្វីដែលចងចាំមិនភ្លេច គឺភាពជោគជ័យនៃការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ កត្ដានេះ បានធ្វើឲ្យសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក និងបណ្ដាប្រទេសជាច្រើន គាំទ្រកម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅកម្ពុជា នាឆ្នាំ២០២៦ ខាងមុខ ៕