អាស៊ី នឹងរកឃើញ ២ក្រុមបន្ថែមទៀតកក់កៅអីស្វ័យប្រវត្តិទៅ WC26
07-10-2025 13:35
(បរទេស)៖ FIFA នឹងរកបាន ២ក្រុមជម្រើសជាតិបន្ថែមទៀត ក្នុងការលេងតំណាងទ្វីបអាស៊ី AFC ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2026។

នៅលើផេកផ្លូវការរបស់ FIFA បានបញ្ជាក់ថា ពួកគេនឹងរកឃើញ ២ក្រុមបន្ថែមទៀតពីការប្រកួតជម្រុះជុំទី៤ ប្រចាំតុលានេះ ដើម្បីគម្រប់ ៨កៅអីស្វ័យប្រវត្តិប្រចាំទ្វីបអាស៊ីនៅ World Cup ឆ្នាំក្រោយ។
ទាំង ២ក្រុមថ្មីនេះដែរ នឹងចូលរួមជាមួយជប៉ុន កូរ៉េខាងត្បូង អ៉ីរ៉ង់ អ៊ូសបេគីស្ថាន អូស្ត្រាលី និងហ្ស៊កដានី ដែលទទួលបានកៅអីរៀងៗខ្លួនរួចរាល់ហើយ។
គួរជម្រាបផងថា World Cup ជំនាន់់ទី២៣ ឆ្នាំ២០២៦ ដែលមានសហរដ្ឋអាមេរិក ម៉ិចស៊ិក និងកាណាដា ធ្វើម្ចាស់ផ្ទះរួមគ្នានោះ FIFA បានបង្កើនដល់ទៅ ៤៨ក្រុម នៅពេលទ្វីបអាស៊ីទទួលបាន ៨កៅអីស្វ័យប្រវត្តិ និងកន្លះអីទៀត ត្រូវលេងជម្រះអន្តរទ្វីបនាខែមីនា ឆ្នាំ២០២៦។
សម្រាប់ពីរក្រុមទៀតនោះ គឺរង់ចាំក្រុមដែលមានពិន្ទុខ្ពស់ជាងគេក្រោយឆ្លងកាត់ ៣ប្រកួតចេញពីពូល A,B ក្នុងការប្រកួតជម្រុះជុំទី៤ ដោយពូល A មានក្រុមកាតា, អារ៉ាប់រួម នឹងក្រុមអូម៉ង់ ហើយពូល B មានក្រុមអារ៉ាប៊ីសាអូឌីត, អ៉ីរ៉ាក់ នឹងក្រុមឥណ្ឌូនេស៊ី ដែលត្រូវលេងពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែតុលានេះ ហើយក្រុមឈរលេខ២ នៃពូលទាំងពីរ នឹងត្រូវបន្តលេងជម្រុះ (Inter-confederation play-off) ជាបន្ត ៕