ក្រុមហ៊ុន Asahi របស់ជប៉ុន ចាប់ផ្ដើមផលិតស្រាបៀរឡើងវិញ បន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធើណិត
07-10-2025 16:26
(បរទេស)៖ ក្រុមហ៊ុន Asahi Group Holdings ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅជប៉ុន បានចាប់ផ្ដើមផលិតស្រាបៀរឡើងវិញនៅរោងចក្រ៦ទីតាំង នៅក្នុងប្រទេស បន្ទាប់ពីរងការវាយប្រហារតាមអ៊ីនធើណិត ដែលធ្វើឲ្យប្រព័ន្ធដំណើរការជាច្រើនរងខូចខាត។

ក្រុមហ៊ុនបានប្រកាសថា ការវាយប្រហារនេះកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា ហើយបានប៉ះពាល់ដល់ប្រព័ន្ធដូចជា ការបញ្ជាទិញ ទូរទស្សន៍ពាណិជ្ជកម្ម ការដឹកជញ្ជូន និងមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជន។ ទោះបីជា ម៉ាស៊ីនផលិតមិនរងការខូចខាតដោយផ្ទាល់ក៏ដោយ ប៉ុន្តែរោងចក្រជាច្រើន ត្រូវបានបញ្ឈប់ការផលិត ដោយសារមិនអាចគ្រប់គ្រងការបញ្ជាទិញ និងការដឹកជញ្ជូនបាន។ រហូតដល់ថ្ងៃទី០៦ ខែតុលា ក្រុមហ៊ុន Asahi បានចាប់ផ្ដើមដំណើរការរោងចក្រ៦ ទីតាំងក្នុងចំណោមរោងចក្រជិត៣០ ដែលមាននៅក្នុងប្រទេសជប៉ុន។ ទោះបីជាដំណើរការនេះបានចាប់ផ្ដើមឡើងវិញ ក៏ដោយ ក៏រោងចក្រទាំងនោះមិនទាន់ដំណើរការបានពេញលេញនៅឡើយទេ។ ការបញ្ជាទិញត្រូវបានដំណើរការដោយដៃ ដោយប្រើទូរសព្ទ ឬម៉ាស៊ីនទូរសារ ព្រោះប្រព័ន្ធឌីជីថលនៅតែខូចខាត។ ការផលិតស្រាបៀ និងភេសជ្ជៈផ្សេងទៀតក៏កំពុងបន្តដំណើរការជាបន្តបន្ទាប់ ប៉ុន្តែការដំណើរការទាំងស្រុងនៅតាមរោងចក្រទាំងអស់មិនទាន់អាចសម្រេចបានជាប្រក្រតីវិញឡើយ។
គួរជម្រាបថា ការវាយប្រហារតាមប្រព័ន្ធបច្ចេកវិត្យានេះ គឺបានធ្វើឲ្យមានការខ្វះខាតផលិតផល Asahi នៅតាមហាងលក់រាយ ភោជនីយដ្ឋាន និងបារនានា ជាពិសេសស្រាបៀរ Super Dry។ យ៉ាងណាមិញ ព័ត៌មានពីការបាត់បង់ទិន្នន័យ និងវិធីដែលមេរោគចូលបាននោះ នៅតែស្ថិតនៅក្រោមការស៊ើបអង្កេត។
វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ចំណូលប្រចាំត្រីមាសទី៤របស់ក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះ បង្ហាញពីហានិភ័យផ្នែកសន្តិសុខសាយបឺរដល់ឧស្សាហកម្មផលិត និងការផ្គត់ផ្គង់។
ក្រុមហ៊ុន Asahi បញ្ជាក់ថា ការស្ដារឡើងវិញនៃប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធសម្រាប់គ្រប់គ្រងការផលិតនឹងត្រូវចំណាយពេលបន្តិចទៀត។ អ្នកវិភាគបានឱ្យដឹងថា ប្រសិនបើការវាយប្រហារនេះបន្តមានឥទ្ធិពល នោះវានឹងប៉ះពាល់យ៉ាងច្រើនដល់កេរ្តិ៍ឈ្មោះ និងស្ថិរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន៕