ជើងខ្លាំងប្រដាល់ក្នុងទ្រុង McGregor រងបម្រាម ១៨ខែ ពីបទពាក់ព័ន្ធសារធាតុញៀន

08-10-2025 09:14

(បរទេស)៖ កីឡាករប្រដាល់ក្នុងទ្រុង UFC គឺ Conor McGregor បានទទួលយកបម្រាមដកបញ្ឈរជើងរយៈពេល ១ឆ្នាំកន្លះ ពីបទរំលោភលក្ខខន្តិកៈរបស់ស្ថាប័ន ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសារធាតុហាមឃាត់។ នេះបើយោងតាមអ្នករៀបចំកម្មវិធី និងត្រូវបានដកស្រង់ចេញផ្សាយដោយ BBC។

យោងតាមរបាយការណ៍របស់ Combat Sports Anti-Doping (CSAD) អ្នកប្រយុទ្ធសញ្ជាតិអៀរឡង់ វ័យ ៣៧ឆ្នាំរូបនេះ បានបរាជ័យ ក្នុងការប្រមូលសំណាកគំរូចំនួន ៣លើក ដើម្បីបញ្ជាក់ភាពស្អាតស្អំដែលមានរយៈពេល ១២ខែមកនេះ នាអំឡុងឆ្នាំ២០២៤។

McGregor ដែលនឹងឈានចូលវ័យ ៣៨ឆ្នាំ នាខែកក្កដា ឆ្នាំ២០២៦ ខាងមុខនោះ មិនបានឡើងប្រកួតជាលក្ខណៈអាជីពណាមួយឡើយ គិតចាប់តាំងរបួសបាក់ជើងឆ្វេង នៃការប្រកួតចុងក្រោយទល់នឹង Dustin Poirier នាអំឡុងខែកក្កដា ឆ្នាំ២០២១។

ទោះជាយ៉ាងណា CSAD បានឱ្យដឹងថា ទណ្ឌកម្មរបស់ McGregor ត្រូវបានកាត់បន្ថយផងដែរពី ២៤ខែមកនៅត្រឹម ១៨ខែវិញ ក៏ព្រោះតែរូបលោកបានចូលរួមសហការ ក្នុងកិច្ចការស៊ើបអង្កេត និងផ្តល់ឯកសារគ្រប់គ្រាន់នាពេលកន្លងមក។

McGregor បានជាប់បម្រាមតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ និងបន្តរហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយមានរយៈពេល ៤ខែផងដែរ មុនពេលឈានចូលវ័យ ៣៩ឆ្នាំ៕