Cannavaro តារា World Cup 2006 នឹងដឹកនាំប្រទេសអ៊ូសបេគីស្ថានលេង World Cup លើកដំបូងជាប្រវត្តិសាស្រ្ត
08-10-2025 10:05
(បរទេស)៖ អតីតប្រធានក្រុមដែលបានរួមចំណែកជួយអាសូរីអ៉ីតាលី ឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០០៦ ខ្សែការពារ Fabio Cannavaro នឹងដឹកនាំក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន បង្ហាញខ្លួននៅ World Cup 2026 ជាលើកដំបូង។

បើយោងតាមការចេញផ្សាយដោយ AP បានឱ្យដឹងថា អ៊ូសបេគីស្ថាន ប្រទេសស្ថិតនៅតំបន់អាស៊ីកណ្តាល បានសម្រេចជួលអតីតប្រធានក្រុមជម្រើសជាតិអ៉ីតាលីខាងលើ ដើម្បីដឹកនាំពួកគេលេង World Cup ជុំចុងក្រោយជាលើកដំបូង និងជាការដឹកនាំជម្រើសជាតិលើកទី២ ផងដែរសម្រាប់បុរសវ័យ ៥២ឆ្នាំ ក្រោយពេលដឹកនាំជម្រើសជាតិចិន លេងបាន ២ប្រកួតមកដែរ។
អតីតម្ចាស់ពានបាល់មាស Ballon D’or 2006 រូបនេះ ត្រូវបានគេមើលឃើញថា ពោរពេញដោយបទពិសោធន៍បង្វឹកនៅអាស៊ី គិតចាប់តាំងចូលនិវត្តន៍ពីកីឡាករអាជីពក្នុងឆ្នាំ២០១១ មក ដែលធ្លាប់បានដឹកនាំក្លឹប Al-Nassr និង Guangzhou Evergrande ជាដើម។
គួរជម្រាបផងថា មុនឈានដល់សម្រេចកិច្ចព្រមព្រៀងជាមួយ Cannavaro អ៊ូសបេគីស្ថានក៏បានទាក់ទងលោក Joachim Low អតីតគ្រូបង្វឹកដឹកនាំអាល្លឺម៉ង់ឈ្នះ World Cup 2014 និងលោក Paulo Bento អតីតគ្រូបង្វឹកជម្រើសជាតិព័រទុយហ្គាល់ និងកូរ៉េខាងត្បូងមកធ្វើគ្រូបង្វឹកដែរ។
អ៊ូសបេគីស្ថាន ដែលត្រៀមហោះទៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា នាឆ្នាំក្រោយ ជាមួយនឹងកីឡាករសំខាន់ ២រូបរួមមាន ខ្សែការពារ Abdukodir Khusanov របស់ក្លឹប Manchester City និងខ្សែប្រយុទ្ធ Roma គឺ Eldor Shormurodov ដែលកំពុងលេងខ្ចីជើងក្នុងលីគរបស់តួកគី៕