Alba អតីតខ្សែការពារសំខាន់អេស្ប៉ាញ និង Barcelona ប្រកាសព្យួរស្បែកជើង នៅពេលចប់រដូវកាលនេះ

08-10-2025 10:14

(បរទេស)៖ ខ្សែការពារស្លាបឆ្វេង Jordi Alba ដែលបានរួមចំណែកជួយជម្រើសជាតិអេស្ប៉ាញ ដណ្តើមបានជើងឯកអឺរ៉ុប UEFA Euro 2012 បានប្រកាសលាឈប់ពីបាល់ទាត់ហើយ ក្រោយពេលបិទរដូវកាលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

Alba វ័យ ៣៦ឆ្នាំ បានឈ្នះពានលីគអេស្ប៉ាញ La Liga ចំនួន ៦លើកជាមួយ FC Barcelona មុនពេលចាកចេញទៅលេងទឹកដីសហរដ្ឋអាមេរិក ក្នុងក្លឹប Inter Miami CF ដោយបានរួមក្រុមជាមួយអតីតមិត្តចាស់ Lionel Messi, Sergio Busquets និង Luis Suarez ថែមទៀតផងកាលឆ្នាំ២០២៣។

Miami មានកៅអីលេងវគ្គជម្រុះ ក្នុងពានរង្វាន់លីគកំពូលអាមេរិក Major League Soccer នាដើមខែធ្នូ ឆ្នាំ២០២៥ ដែលជាពេលវេលាចុងក្រោយរបស់ Alba ផងដែរ ក្នុងការរត់លើទីលាន។

Alba បានបង្ហោះពាក្យលានៅលើ Instagram របស់ខ្លួនថា «ពេលវេលាដ៏មានអត្ថន័យពិតក្នុងជីវិតរបស់ខ្ញុំបានឈានមកដល់ហើយ។ ខ្ញុំសម្រេចបិទបញ្ចប់អាជីពបាល់ទាត់របស់ខ្ញុំត្រឹមរដូវកាលនេះតែម្តង។ ខ្ញុំបានធ្វើរឿងអស្ចារ្យជាច្រើន ពោរពេញដោយសេចក្តីសុខ និងសុភមង្គលទៀតផង»។

សូមរំលឹកផងថា Jordi Alba បានលាឈប់ពីជម្រើសជាតិគោជល់អេស្ប៉ាញ ក្នុងឆ្នាំ២០២៣ តាមរយៈបង្ហាញខ្លួនបានចំនួន ៩៣ប្រកួតទៀតផង៕