ផ្លូវការ! Pacquiao ប្រកាសឡើងប្រកួតនាចុងខែមករា ឆ្នាំ២០២៦ ខណៈដៃគូជាម្ចាស់ខ្សែក្រវាត់

08-10-2025 10:37

(ម៉ានីល)៖ កីឡាករប្រដាល់សកល Manny Pacquiao បានប្រកាសវិលឡើងសង្វៀនវិញនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ មុនពេលគូប្រកួតនឹងត្រូវប្រកាសឆាប់ៗនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ringmazagine។

នោះមានន័យថា ខ្លាកំណាចប្រចាំទ្វីបអាស៊ី សញ្ជាតិហ្វីលីពីនរូបនេះ នឹងឈានចូលវ័យ ៤៧ឆ្នាំ នៅពេល PacMan ឡើងប្រកួតនាខែមករានោះ ដោយអាចប៉ះ Rolando Romero ម្ចាស់ខ្សែក្រវាត់ WBA welterweight ដែលទើបផ្តួល Ryan Garcia ដោយពិន្ទុឯកច្ឆន្ទកាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

ការវិលត្រឡប់មកនេះត្រូវបាន Pacquiao ប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថា «សួស្តីអ្នកគាំទ្រប្រដាល់របស់ខ្ញុំទាំងអស់គ្នា។ ខ្ញុំពិតជារំភើបណាស់ ក្នុងការជូនដំណឹងរបស់ខ្ញុំ ចំពោះការវិលចូលសង្វៀនវិញនាថ្ងៃទី២៤ ខែមករាខាងមុខ។ វានឹងញាំងមានការចាប់អារម្មណ៍ចំពោះអ្នកគាំទ្រ រួមទាំងខ្ញុំផងដែរ ខណៈគូប្រកួតនឹងត្រូវប្រកាស ២-៣ថ្ងៃខាងមុខទៀត»

Macquiao អតីតម្ចាស់ខ្សែក្រវាត់ ៨សម័យ បានកំពុងកាន់កាប់កំណត់ត្រាប្រកួតសរុប ៧៣ប្រកួត និងធ្លាប់ផ្តួលដៃគូសន្លប់បាន ៣៩លើកផងនោះ ប្រកួតចុងក្រោយស្មើពិន្ទុជាមួយ Mario Barrios ម្ចាស់ខ្សែក្រវាត់ WBC welterweight កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ នៅសង្វៀន MGM Grand Garden Arena សហរដ្ឋអាមេរិក៕