Toyota កំពុងអភិវឌ្ឍ «ដ្រូន» សម្រាប់ជួយរថយន្ត Off-Road ជាភ្នែកទីបីជំនួយពេលបើកបរផ្លូវលំបាក
08-10-2025 13:22
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន Toyota Motor កំពុងសិក្សាលើគម្រោងអភិវឌ្ឍប្រព័ន្ធ ដ្រូន (Drone) តូចៗមួយប្រភេទ ដើម្បីបំពាក់លើរថយន្តរបស់ខ្លួន ដែលមានគោលដៅជួយដល់ការបើកបរនៅតាម ផ្លូវលំបាក ផ្លូវលំដែលមិនទាន់ក្រាលកៅស៊ូ និងតំបន់ដាច់ស្រយាលនានា។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនទៅកាន់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នៅសហរដ្ឋអាមេរិក។ គោលបំណងចម្បងនៃប្រព័ន្ធនេះ គឺដើម្បីបង្កើនសុវត្ថិភាព និងការយល់ដឹងអំពីស្ថានភាពជុំវិញសម្រាប់អ្នកបើកបរ ជាពិសេសនៅកន្លែងដែលអ្នកបើកបរពិបាកចុះពីលើរថយន្តដោយសុវត្ថិភាព។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ដ្រូនទាំងនេះត្រូវបានគេរំពឹងថានឹងដើរតួជា «ភ្នែកទីបី» ដ៏សំខាន់ ដោយផ្តល់រូបភាព និងវីដេអូច្បាស់ៗទៅកាន់អ្នកបើកបរអំពីបរិស្ថានជុំវិញរថយន្ត រួមទាំង គ្រោះថ្នាក់ដែលអាចលាក់បាំងនៅក្រោមតួរថយន្ត ផងដែរ។ ក្រុមហ៊ុន Toyota បានបញ្ជាក់នៅក្នុងលិខិតនោះថា តាមរយៈទិន្នន័យដែលថតបានពីដ្រូន អ្នកបើកបរនឹងអាចកំណត់ និងជ្រើសរើសផ្លូវដែលមានសុវត្ថិភាពជាងមុន។ ជាទូទៅ ការហោះហើររបស់ដ្រូនភាគច្រើននឹងកើតឡើងក្នុងរយៈកម្ពស់ទាបក្បែរយានយន្ត ប៉ុន្តែពេលខ្លះក៏អាចហោះហើរខ្ពស់ជាងដើមឈើដើម្បីចាប់យករូបភាពទិដ្ឋភាពភូមិសាស្ត្រទាំងមូលសម្រាប់កំណត់ទិសដៅបានយ៉ាងច្បាស់លាស់ផងដែរ។
គួរជម្រាបថា គម្រោងបច្ចេកវិទ្យាថ្មីរបស់ Toyota នេះត្រូវបានលាតត្រដាងស្របពេលដែលក្រសួងដឹកជញ្ជូនអាមេរិក (USDOT) កំពុងជំរុញ និងស្នើច្បាប់ថ្មីដើម្បីពន្លឿនការប្រើប្រាស់ដ្រូនសម្រាប់ផ្នែកពាណិជ្ជកម្ម ដូចជាការដឹកជញ្ជូនទំនិញជាដើម។ USDOT ជឿជាក់ថា ការកែសម្រួលច្បាប់នឹងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាដ្រូនយ៉ាងខ្លាំងក្លាក្នុងវិស័យសំខាន់ៗជាច្រើន ដូចជា កសិកម្ម ការផលិតថាមពល និងការផលិតខ្សែភាពយន្ត។ យ៉ាងណាមិញ អ្នកនាំពាក្យក្រុមហ៊ុន Toyota បានបញ្ជាក់យ៉ាងច្បាស់ថា ថ្វីដ្បិតតែពួកគេកំពុងសិក្សា និងអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗនេះមែន ប៉ុន្តែពួកគេ មិនទាន់មានផែនការប្រកាសដាក់លក់ជាផ្លូវការ នូវប្រព័ន្ធដ្រូននេះសម្រាប់ប្រើប្រាស់លើផលិតផលនៅពេលបច្ចុប្បន្ននោះទេ៕