FIFA ចោទម៉ាឡេស៊ី ថាបានដាក់កីឡាករចូលលេងខុសច្បាប់ និងសើរើដល់លទ្ធផលឈ្នះវៀតណាម ៤-០ ទៀតផង
08-10-2025 15:18
(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ FIFA បានធ្វើការចោទប្រកាន់ម៉ាឡេស៊ី ថាបានក្លែងបន្លំឯកសារពាក់ព័ន្ធនឹងកីឡាករ ៧នាក់ដែលបានកើតនៅបរទេសចូលលេងក្នុងក្រុមជម្រើសជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ថ្មីៗនេះដែរ FIFA ក៏បានធ្វើការដាក់ពិន័យ និងដកបញ្ឈរជើងកីឡាករទាំងអស់នោះកាលពីចុងខែកញ្ញាមក និងបញ្ចេញរបាយការណ៍បន្ត ក្នុងការចាត់ការរឿងនេះទៀតដែរ។
FIFA បានឱ្យដឹងថា សហព័ន្ធបាល់ទាត់ម៉ាឡេស៊ី (FAM) បានបង្ហាញសំបុត្រកំណើតកីឡាករ វាហាក់បីដូចជា ជីដូនជីតារបស់កីឡាករទាំងនោះ បានកើតនៅប្រទេសម៉ាឡេស៊ី។ ប្រការនេះនាំឱ្យសហព័ន្ធអន្តរជាតិយល់ឃើញថា មិនមានភាពធម្មតា និងបរិសុទ្ធ មានចរឹតមិនស្មោះត្រង់ និងស្ថិតក្រោមទម្រង់បោកប្រាស់។
ក៏ប៉ុន្តែ FAM បាននិយាយថា វាជាកំហុសអចេតនាផ្នែករដ្ឋបាល ហើយថា នឹងប្តឹងជំទាស់វិញ ចំពោះការពិន័យរបស់ FIFA ទៀត ដោយបញ្ជាក់ថា «កីឡាករទាំងអស់នោះ ជាពលរដ្ឋម៉ាឡេស៊ីស្របច្បាប់»។
គួរបញ្ជាក់ផងថា ច្បាប់របស់ FIFA គឺអនុញ្ញាតឱ្យកីឡាករបាល់ទាត់ទាំងឡាយណាដែលបានកើតនៅបរទេសលេងតំណាងឱ្យប្រទេសកំណើតរបស់ឪពុកម្តាយបង្កើត ឬជីដូនជីតារបស់ពួកគេ។ ពោលគឺដើម្បីការពារក្រុមជម្រើសជាតិណាមួយ នាំចូលកីឡាករបរទេស ដើម្បីបង្កើនសមត្ថភាពក្រុមរបស់ពួកគេ។
លើសពីនេះទៀត FIFA ក៏បានស៊ើបអង្កេតទៅលើកីឡាករម៉ាឡេស៊ី ដែលបានបំបាក់វៀតណាម ៤-០ កាលពីខែមិថុនា ឆ្នាំ២០២៥ ដើម្បីឆ្លើយបតទៅនឹងសំណួរ អំពីភាពមិនប្រក្រតីរបស់ពួកគេដែរ៕