«ប៉េង ហួត គ្រុប» ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ សម្រាប់យុទ្ធនាការ «រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក» របស់មន្ទីរពេទ្យកុមារអង្គរ
08-10-2025 16:58
(ភ្នំពេញ)៖ ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ៥ម៉ឺនដុល្លារ សម្រាប់កម្មវិធីបើកយុទ្ធនាការសប្បុរសធម៌ ក្រោមប្រធានបទ «រួមគ្នាជួយសង្រ្គោះកុមារមានជំងឺមហារីក» ក្រោមការរៀបចំរបស់មន្ទីរពេទ្យកុមារអង្គរ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងអគារសាលសន្និបាទប្រារព្ធពិធីមង្គលការ ភីអេច ហ្រ្គេនហល បុរីប៉េង ហួត (បឹងស្នោ)។

យុទ្ធនាការនេះមានគោលបំណងដើម្បីលើកកម្ពស់ និងគាំទ្រវិស័យសុខាភិបាល ជាពិសេសគឺកៀរគរថវិកាសប្បុរសធម៌ក្នុងទំហំ ២០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យកុមារអង្គរ ឱ្យដល់ចុងឆ្នាំនេះ។ យុទ្ធនាការនេះគឺត្រូវបានចាប់ផ្ដើមពីថ្ងៃទី០៦ ខែតុលា ហើយនឹងបញ្ចប់ត្រឹមថ្ងៃទី៣១ ខែតុលា ២០២៥។
ថ្លែងក្នុងកម្មវិធីនេះ សាស្រ្តាចារ្យវេជ្ជ បណ្ឌិត ងួន ចន្ទភក្រ្តា នាយកមន្ទីរពេទ្រកុមារអង្គរ បានអំពាវនាវដល់សប្បុរសជនទាំងឡាយ អាចចូលរួមគំាទ្រតាមរយៈការបរិច្ចាគជាថវិកា ការផ្សព្វផ្សាយ និងសកម្មភាពសប្បុរសធម៌ផ្សេងៗ ដើម្បីឱ្យយុទ្ធនាការនេះទទួលបានជោគជ័យ ស្របតាមការរំពឹងទុករបស់មន្ទីរពេទ្យ ដែលនឹងជួយសង្រ្គោះជីវិតកុមារមានជំងឺមហារីកជាច្រើននាក់។
បើយោងតាមប្រសាសន៍របស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានថ្លែងក្នុងពីធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» បានឲ្យដឹងថា ជារៀងរាល់ឆ្នាំប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០,០០០ ករណី ហើយមនុស្សស្លាប់ជិត ១៤,០០០ នាក់ក្នុងមួយឆ្នាំៗ។ កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះ គឺសោកនាដកម្មនេះកើតមានលើកុមារ ដែលក្នុងមួយឆ្នាំមានប្រមាណ ៦០០ករណី។
គួររំឭកថា នេះគឺជាលើកទី៥ ដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាប្រចាំឆ្នាំ និងសហការរៀបចំយុទ្ធនាការមនុស្សធម៌ផ្សេងៗ ទៅកាន់សប្បុរសជនទូទាំងប្រទេស ដើម្បីនិរន្តភាពនៃបេសកម្មមន្ទីរពេទ្យកុមារអង្គរ ក្នុងការជួយសង្រ្គោះកុមារកម្ពុជាប្រមាណ ១៣ម៉ឺនករណីក្នុងមួយឆ្នាំៗ។